ក្រុមប៉ូលិសមហាផ្ទៃបង្ក្រាបជនដៃដល់៣នាក់ករណីឃាតកម្មនៅស្រុកស្នូល ខេត្ដក្រចេះ

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨៖០០នាទី នៅចំណុចគីឡូម៉ែត្រ៩៦ ស្ថិតនៅភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងបង្កដោយជនសង្ស័យចំនួន០៣នាក់ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២៖ ឈ្មោះ យ៉ាន់​ សៅ ភេទប្រុស អាយុ៣៨ឆ្នាំ រស់ភូមិទូលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣៖ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពួកគេបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះចំនួន០២នាក់រួមមាន៖ ឈ្មោះ អ៊ា សែម ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់បណ្ដាលឲ្យស្លាប់ និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ តឿ តន ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងបានបញ្ចូនទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ក្រោយកើតហេតុ ឈ្មោះ ឡង់ រិន ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវបានឃាត់ខ្លួនភ្លាមៗ។ ដោយឡែកសង្ស័យចំនួន២នាក់ ឈ្មោះ យ៉ាន់​ សៅ និងឈ្មោះ សែ សុភាព  បានរត់គេចខ្លួនបាត់ដោយបានយកវត្ថុតាងទៅជាមួយ។

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, អគ្គស្នងការរងទទួលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវភ្លាមៗ។ ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ប្រើវិធានការជំនាញ​ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ​។ លុះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់៖ ទី១៖ ឈ្មោះ សែ សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុច​ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង​) និងទី២៖ ឈ្មោះ យ៉ាន់​ សៅ​ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួនបានត្រង់ចំណុចភូមិឈោងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង)។

 បន្ទាប់ពីបានធ្វើការសាកសួរបឋម​​ ជនសង្ស័យទាំង២ខាងលើ បានសារភាពថា ពួកខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ និងរងរបួស ពិតប្រាកដមែន ដោយសារតែជនរងគ្រោះបានបង្កហិង្សាមកលើបងប្រុសរបស់ពួកខ្លួន ទើបឈានដល់ការកាប់សម្លាប់ និងហិង្សានេះឡើង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ​ ដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង