រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ ការសាងសង់ និងអភិវឌ្ឍន៍អាងទឹកដងកាំបិតនាពេលនេះគឺបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល
ឯកឧត្តម ថោ ជេដ្ឋា បានគូសបញ្ជាក់ថា «ការសាងសង់ និងអភិវឌ្ឍន៍អាងទឹកដងកាំបិតនាពេលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក ដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម បង្កើនផលិតកម្មស្បៀង ព្រមទាំងធានាទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងផ្នែកឧស្សាហកម្ម កសិកម្ម ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ»។
ការគូសបញ្ជាក់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីបើកការដ្ឋាន និងបញ្ជាគ្រឿងចក្រសាងសង់ នៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។
នាឳកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាកសិករដែលរស់នៅក្នុងតំបន់គម្រោង សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងនានា ដើម្បីឱ្យការអនុវត្តគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ បានបញ្ចប់តាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ធានាបាននូវការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ។
គួរជម្រាបថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ខាងលើនេះ ក៏មានការចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើននាក់។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតត្រូវប្រើរយៈពេល ៤៨ខែ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះមានការសាងសង់ខ្នងទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១ ១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១ ១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ ក្រោយការសាងសង់រួចប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ស្មើនឹង ៨៥ ៣០០នាក់ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំនឹងបានទទួលផលពីការអភិវឌ្ឍអាងនេះ៕