ចាប់ខ្លួនជនជាតិឡាវ០២នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់ធំនៅខេត្តស្ទឹងត្រែង


ស្ទឹងត្រែង៖ ជនសង្ស័យជាជនជាតិឡាវ០២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួន រួមជាមួយថ្នាំញៀន ១៣កញ្ចប់ធំ កាលពីម៉ោង៧និង០៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ចាប់ខ្លួនខាងលើ ជនសង្ស័យជនជាតិឡាវ០២នាក់ បានបើកបររថយន្តម៉ាកគា ពណ៌ខ្មៅ ពាក់ស្លាកលេខឡាវ ឆ្លងកាត់ច្រករបៀងចូលមកទឹកដីខ្មែរ ដោយមានការសង្ស័យកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ក៏បានឃាត់សាកសួរ និងត្រួតពិនិត្យលិខិតឆ្លងដែនរួមទាំងរថយន្ត ហើយក៏បានប្រទះឃើញធុងពណ៌បៃតងមួយច្នៃដាក់ស្កររងូ (កាកស្ករ) មួយកំណាត់លើ និងបិទសន្ទះពីក្នុង។

នៅក្នុងពេលនោះ កម្លាំងសមត្ថកិច្ច ក៏បានសម្រេចកាត់ធុងហើយបានឃើញកញ្ចប់ថ្នាំញៀន ដោយបង្កប់ជាមួយដីខ្សាច់១៣កញ្ចប់ធំ អាចមានទម្ងន់ស្មើ១៣គីឡូក្រាម។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទាំង០២នាក់៖ ម្នាក់ឈ្មោះ កែវ គង់មឿង ភេទប្រុស អាយុ ២៣ឆ្នាំ កើតនៅភូមិចមកែវ ស្រុកកៃសន ខេត្តសុវណ្ណខេត្ត និងម្នាក់ទៀត ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុស អាយុ ២០ឆ្នាំ កើតនៅភូមិណាសៃ ស្រុកហ្វឿង រាជធានីវៀងច័ន្ទ ប្រទេសឡាវ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ ជាមួយនឹងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បញ្ជូមកកាន់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង