សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនបរទេស៣នាក់ បន្ទាប់ពីបង្ក្រាបបានពាក់ព័ន្ធករណីគ្រឿងញៀនជាង២២គីឡូក្រាម

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤បាននិងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ១២៥៨ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទាក់ទិននឹងករណី ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទ(MDNA) ទម្ងន់ ១៦១៣៦,១២ក្រាម ប្រភេទកេតាមីន ទម្ងន់ ៣៦០ក្រាម ប្រភេទនីមេតាហ្សេប៉ាម ទម្ងន់១,៩៨ ក្រាម និងប្រភេទម្សៅចម្រុះពណ៌ ទម្ងន់៥៦២២ក្រាម ដែលមានជនត្រូវចោទ មានខ្លួនចំនួន៣នាក់។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបានថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនត្រូវចោទមានខ្លួន ចំនួន៣នាក់នោះរួមមាន៖

*១-ឈ្មោះ WU ZONG WEI
*២-ឈ្មោះ LIN YING KUAN
*៣-ឈ្មោះ ZHUANG SHI KAI
និងជនត្រូវចោទចំនួន២នាក់ទៀត កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ផលិត រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងនៅបន្ទប់លេខ១០២ ជាន់ទី១ នៃខុនដូ PALMHOUSE ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៧ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង៣នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរ តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង