រដ្ឋមន្រ្តី ឈាង រ៉ា លើកឡើងចំណុចសំខាន់ៗចំនួន៥ក្នុងកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ជានាយកមន្ទីរពេទ្យជាតិទាំងអស់ និងប្រធានអង្គភាពផ្តល់សេវាសុខាភិបាល


រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដែលជានាយកមន្ទីរពេទ្យជាតិទាំងអស់ និងប្រធានអង្គភាពផ្តល់សេវាសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់នូវគោលបំណង គឺដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានាដែលនៅមានសេសសល់ ឫអាចនឹងកើតមាន និងចែករំលែកនូវវឌ្ឍនភាពរវាងមន្ទីរពេទ្យនិងមន្ទីរពេទ្យ កម្រិតថ្នាក់ជាតិក្នុងការធានាឱ្យបានការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សិក្តិសិទ្ធិភាព និងសមធម៌ជូនប្រជាពលរដ្ឋឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកឡើងនូវចំណុចសំខាន់ៗចំនួន៥ រួមមាន៖

*១-ការគ្រប់គ្រងមន្ទីរពេទ្យជារួម។

*២-កិច្ចការដឹកនាំពិនិត្យ និងតាមដានគុណភាពសេវាថែទាំ និងព្យាបាល រាប់ទាំងសេវាសង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ សម្ភពនិងសង្គ្រោះទារកភ្លាមៗ។

*៣-កិច្ចការប្រើប្រាស់និងថែទាំសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងការវិនិយោគ អភិវឌ្ឍន៍បន្ថែម។

*៤-ការគ្រប់គ្រងធនធានមនុស្ស និងបង្កើនសមត្ថភាពជំនាញ រួមមានការគ្រប់គ្រងបុគ្គលិក និងការងាររដ្ឋបាលទូទៅ ការពង្រឹងគុណភាពការទំនាក់ទំនងសាធារណៈ។

*៥-ការងារអធិការកិច្ច កំណែទម្រង់ សំដៅប្រសិទ្ធិភាព សុវត្តិភាព និងគុណភាពលើកគ្រប់ទិដ្ឋភាពគ្រប់គ្រង និងដឹកនាំ ជាដើម សម្រាប់អោយថ្នាក់ដឹកពាំនាំយកមកអនុវត្ត បន្តរក្សាបានទំនុកចិត្ត និងការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ទីប្រឹក្សា​ក្រសួង​ រដ្ឋលេខាធិការទទួលបន្ទុកពង្រឹងគុណភាពសេវាមន្ទីរពេទ្យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងឯកឧត្តម ទីប្រឹក្សា លោក នាយកមន្ទីរពេទ្យជាតិទាំង១០ និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន៕

អត្ថបទដែលជាប់ទាក់ទង