ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បេក្ខជនដែលចូលរួមប្រឡងប្រជែងត្រូវមានសមត្ថភាពល្អប្រសើរជាងគេ ទើបមានឱកាសទទួលបានលទ្ធផលឈ្នះគេ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងសាធារណៈ នៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរគ្រប់សព្វបែបយ៉ាង រួមទាំងការរៀបចំនិយាមនីតិវិធីប្រតិបត្តិ ដើម្បីផ្តល់ឱកាស ឬផ្តល់ជាវេទិកាសម្រាប់ការបញ្ចេញសមត្ថភាពស្មើៗគ្នា ជូនប្រជាពលរដ្ឋបានចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌ។
ឯកឧត្ដមបន្តថា ពិតណាស់ បេក្ខជនទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពស្របពេលជាមួយគ្នា ដូច្នេះ អ្វីដែលគួរធ្វើ គឺសូមបេក្ខជនខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យបានល្អប្រសើរជាងគេ ដើម្បីទទួលបានលទ្ធផលឈ្នះបេក្ខជនដទៃទៀត ព្រោះនេះជាការប្រឡងប្រជែង។
ជាមួយនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមជូនពរបេក្ខជនដែលចូលរួមប្រឡងប្រជែងក្របខ័ណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ(ចំនួន២៤៧៩នាក់)នាថ្ងៃនេះ ក្របខ័ណ្ឌក្រសួងសាធារណៈការ និងដឹកជញ្ជូន (ចំនួន១៤២៤នាក់)នាថ្ងៃស្អែក រួមទាំងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ចំនួន១១៣៨នាក់) នាថ្ងៃបន្ទាប់ សូមទទួលបានលទ្ធផលជាទីគាប់ចិត្ត តាមរយៈការប្រើប្រាស់ចំណេះ ជំនាញ និងសមត្ថភាពរៀងៗខ្លួនពិតប្រាកដ៕