កម្លាំងPMខេត្តបន្ទាយមានជ័យចាប់ជនជាតិថៃ២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន២នាក់ ចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង២នាក់នោះ រួមមាន៖
ទី១-ឈ្មោះ សាន់ទិ យិនមែន ហៅនួត អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្រុកតាផៃយ៉ា ខេត្តស្រះកែវ ប្រទេសថៃ (រក្សាទុក)។
ទី២-ឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅណាត់ អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)។
សមត្ថកិច្ចដកហូតបាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន៥កូនថង់កិប, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១១កូនថង់កិប ស្មើនឹង៧៨គ្រាប់, ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ស-ស្វាយ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ1GY-3126, ទូរស័ព្ទ ចំនួន២គ្រឿង (ម៉ាកOPPO A57 ពណ៌ខ្មៅ បែកអេក្រង់, ម៉ាកIPhone7 ពណ៌ផ្កាឈូក) និងសម្ភារៈមួយចំនួនទៀត។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យទាំង២នាក់បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងកមលក់ផង និងប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូន ទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕