ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សខេត្តកណ្តាលបំភ្លឺជូនទាក់ទងករណីគណនីហ្វេសប៊ុកឈ្មោះ ឈាង គីមសេង ដែលបានបង្ហោះផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ ឈាង គីមសេង ដែលបានបង្ហោះផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ថា៖ ជាដំបូងខ្ញុំសូមអភ័យទោសដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅឃុំសំពៅពូន បើសិនខ្ញុំនិយាយទៅមានការលើសលួសខ្វះខាតដោយប្រការណាមួយដោយហេតុខ្ញុំនៅឆ្ងាយនិងមិនដឹងសួរអ្នកណា ខ្ញុំមានសំនួរចង់សួរថា ទាហានវៀតណាមមកបោះតង់ក្នុងបរិវេណសាលា និងវត្តកោះទៀវ តើភូមិឃុំដឹងលឺទេ? ហើយមកក្នុងគោលបំណងអ្វី? ខ្ញុំមានសំនួរតែប៉ុណ្ណឹងទេ បើខុសឆ្គងសូមថ្នាក់ដឹកនាំយោគយល់ដោយក្តីអនុគ្រោះ។

ក្រោយទទួលបានព័ត៌មានភ្លាម អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងសំពៅពូន ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖ យោងតាមសេចក្តីបំភ្លឺព័ត៌មាន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងសំពៅពូន ដោយអនុវត្តតាមកំណត់ហេតុកិច្ចសហប្រតិបត្តិការ ស្តីពីផែនការបន្តស្រាវជ្រាវរុករកជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូ គណៈកម្មាធិការថ្នាក់ជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ គណៈកម្មាធិការ នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល យោធាភូមិភាគពិសេស បានសហការជាមួយក្រុម K90 ភាគីវៀតណាម ចុះស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសម័យសង្រ្គាមកន្លងមក នៅភូមិសាស្រ្តក្រុងសំពៅពូន ដោយពេលវេលាបំពេញភារកិច្ច ការជីកលើកអដ្ឋិធាតុ ចាប់ផ្តើមពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្រោយពីការបំពេញភារកិច្ចត្រូវបានបញ្ចប់ ក្រុម K90 ភាគីវៀតណាម នឹងចាកចេញត្រឡប់ចូលប្រទេសវៀតណាមវិញតាមច្រកទ្វារអន្តរជាតិជ្រៃធំ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប សូមកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង