ពុទ្ធោ ដោយសារឥទ្ធិពលនៃគ្រឿងញៀននិងគ្រឿងស្រវឹង កូនប្រុសបង្កើតទាញកាប់ផ្គាក់កាប់ប្រហារឪពុកបង្កើតឲ្យដេកស្លាប់ក្នុងថ្លុកឈាមនៅស្រុកអង្គស្នួល
ពុទ្ធោអើយ ដោយសារឥទ្ធិពលនៃគ្រឿងញៀននិងគ្រឿងស្រវឹង កូនប្រុសបង្កើតទាញកាប់ផ្គាក់កាប់ប្រហារឪពុកបង្កើតឲ្យដេកស្លាប់ក្នុងថ្លុកឈាមឥតត្រាប្រណីកាលពីវេលាម៉ោង១៥៖៣៥នាទីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។
ប្រភពបានឲ្យដឹងថា សពជនរងគ្រោះត្រូវជាឪពុកឈ្មោះ សួន ផល្លីង ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទាហ៊ាន រស់នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង្ស័យត្រូវជាកូនប្រុសឈ្មោះ សួន រត្តនៈ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល មានសារធាតុញៀនក្នុងទឹកនោម (+) រួមជាមួយវត្ថុតាងចាប់យកបានរួមមាន៖ កាំបិតផ្គាក់០១ប្រវែង០,៥២ម៉ែត្រ គ្មានដងជារបស់ជនសង្ស័យធ្វើសកម្មភាព។
ប្រភពបានអះអាងថា ជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាឪពុកចំនួន០២កាំបិត ត្រូវចំកណ្តាលក្បាលចំនួន០១កាំបិត និងកញ្ចឹងកចំនួន០១កាំបិត បណ្តាលឱ្យដួលលើសាបថ្មស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ។
បន្ទាប់មក សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួលដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាលឃុំព្រៃពួច លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារជនរងគ្រោះ បានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា សពស្លៀកខោពណ៌ខ្មៅពណ៌ត្រីអុី, សពមានសភាពទន់ , សពមានស្លាកស្នាម របួសស្នាមផ្នែកថ្ងាស់ខាងស្ដាំទំហំ ២ ស.ម របួសទទឹងកណ្ដាលក្បាលប្រវែង៧ស.ម និងកញ្ចឹងកខាងក្រោយផ្នែកខាងឆ្វេងប្រវែង១០ស.ម។ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ។ តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារអំពេីឃាតកម្ម។
បើតាមប្រភពបានឲ្យដឹងទៀតថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះជាឪពុកបានផឹកស្រារួមគ្នាជាមួយជនសង្ស័យ និងឈ្មោះ សួន រតនា (ជាកូន) នៅផ្ទះរបស់ខ្លួនអស់ស្រាថ្នាំកន្លះលីត្រ ។ ក្រោយមកជនសង្ស័យបានជិះម៉ូតូទៅទិញស្រាបៀរគ្រុឌថែមកន្លះកេសទៀត ហើយជនសង្ស័យក៏បានហៅអ្នករស់នៅក្នុងភូមិជាមួួយគ្នា០១នាក់ទៀត ឈ្មោះ យូ ថា មកផឹកជាមួយគ្នា។ បន្ទាប់មកជនសង្ស័យជាកូនបានដើរចូលទៅក្នុងផ្ទះបានមួយសន្ទុះក៏បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយវាយប្រពន្ធដែលទើបនឹងសម្រាលកូន ចំនួន០២ដៃ ភ្លាមនោះជនរងគ្រោះជាឪពុកបានចូលឃាត់ហើយក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយឈ្មោះ សួន រតនា និងឈ្មោះ យូ ថា បានចូលឃាត់បំបែកគ្នាមកក្រៅ។ ពេលនោះជនសង្ស័យជាកូនបានរត់ចូលទៅក្នុងរោងបាយទៅទាញយកកាំបិតផ្កាក់មកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាឪពុកចំនួន០២កាំបិត ត្រូវចំកណ្តាលក្បាលចំនួន០១កាំបិត និងកញ្ចឹងកចំនួន០១កាំបិត បណ្តាលឱ្យដួលលើសាបថ្មស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
បន្ទាប់មកឈ្មោះ សួន រតនា បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ព្រៃពួច បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ព្រៃពួច សហការជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរបន្តតាមនីតិវិធីច្បាប់។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ កន្លងមកជនសង្ស័យជាកូនតែងតែផឹកស្រាស្រវឹង ហើយប្រើប្រាស់ថ្នាំញៀន ពេលមកដល់ផ្ទះរករឿងឈ្លោះប្រកែកប្រពន្ធ និងសមាជិកក្នុងគ្រួសារជាប្រចាំ ។ ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕