ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ បានទទួលជួប ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជម្រាបជូនក្នុងកិច្ចប្រជុំនេះ ក្នុងនាមអគ្គលេខាធិការអាស៊ាន ឯកឧត្តម កៅ គឹមហួន បានបង្ហាញចក្ខុវិស័យក្នុងការពង្រីកពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតចូលក្នុងតំបន់អាស៊ាន។ ហើយស្របតាមចក្ខុវិស័យនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងអំពីគម្រោងផែនការកសាងសមត្ថភាពជូនប្រជាពលរដ្ឋនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ដើម្បីជំរុញលើកកម្ពស់សមត្ថភាព និងការប្រកួតប្រជែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសនេះក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ អំពីផែនការអភិវឌ្ឍន៍ជាតិនានារបស់កម្ពុជារួមមានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ លើគម្រោងសំខាន់ៗទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងជួយផ្លាស់ប្ដូរមុខមាត់របស់កម្ពុជាលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។ កម្ពុជាបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលរួមបញ្ជូលពីផែនការមេចំនួន ០៧ សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ដឹកជញ្ជូនតាមផ្លូវទន្លេ ដឹកជញ្ជូនតាមផ្លូវសមុទ្រ ផ្លូវអាកាស ភស្តុភារកម្ម និងដឹកជញ្ជូនអន្តរមធ្យោបាយ សរុបមានចំនួន ១៧៤គម្រោង ដែលត្រូវការទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ប៊ីលានដុល្លារអាមេរិក។ បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងអនុវត្តកិច្ចការងារធ្វើទំនើបកម្មលើបច្ចេកវិទ្យា ឱ្យស្របនឹងអាទិភាពគន្លឹះ១ ក្នុងចំណោម៥ របស់រាជរដ្ឋាភិបាលគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” តាមរយៈការរៀបចំប្រព័ន្ធផតថល(Portal)សម្រាប់ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ដើម្បីគាំទ្រការដាក់ពាក្យស្នើសុំ QIP របស់វិនិយោគិន៕

អត្ថបទដែលជាប់ទាក់ទង