ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ទុកព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមរួមរបស់ពិភពលោក ដែលទាមទារឱ្យប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ឆ្លើយតបឱ្យបានលឿនរហ័ស ដើម្បីបន្សាបឥទ្ធិពលអវិជ្ជមានទាំងនោះ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមរួមរបស់ពិភពលោក ដែលទាមទារឱ្យក្រុមការងារទាំងកំរិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងឆ្លើយតបឱ្យបានលឿនរហ័ស ដើម្បីបន្សាបឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយទាំងនោះ។ ឯកឧត្តមបន្តថា ប្រមុខដឹកនាំកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តថ្មីៗនៃបច្ចេកវិទ្យា ជាពិសេសព័ត៌មានក្លែងក្លាយដែលចូលមកបំពុលសង្គមនិងធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ។ 

ការចាត់យ៉ាងដូច្នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឳកាសអញ្ជើញបើកសិក្ខាសាលាស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនិងសន្តិសុខសាយប័រ» នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានកការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ៣៥០នាក់។

ក្នុងឳកាសនោះ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះ បច្ចេកវិទ្យាគឺជាមុំសំខាន់ទី៥។ ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលមានសសរស្ដម្ភសំខាន់ចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា រដ្ឋាភិបាលឌីជីថលត្រូវចេញដំណើរមុនគេ ដើម្បីជំរុញការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល។ ឯកឧត្តម វង្សី វិស្សុត រំពឹងទុកថា ក្រុមការងារនឹងពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម និងប្រតិកម្ម ហើយត្រូវតាមដានត៌មាននិងចូលរួមទប់ស្កាត់ បង្កា បន្សាបនិងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា និងត្រូវចាត់ទុកថា ជាបេសកកម្មអាទិភាពដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ សន្តិសុខនយោបាយ សន្តិសុខគិតិយុត្ត ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេសការប្រើបច្ចេកវិទ្យា AI ដើម្បីបង្កើតព័ត៌មានក្លែងក្លាយ។ ឯឧត្តមបានផ្តល់អនុសាសន៍ឱ្យក្រុមការងារត្រូវពង្រឹងការតាមដានព័ត៌មានដែលទទួលបានឱ្យមានប្រសិទ្ធភាពខ្ពស់ និងចែកចាយព័ត៌មានឱ្យចំទិសដៅ និងឱ្យបានជាប្រយោជន៍ដើម្បីការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ជាមួយនោញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានថ្លែងកោតសរសើរចំពោះ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណៈមតិ (គ.ស.ព.ស. )និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានផ្ដួចផ្ដើមគំនិតសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។

ក្នុងពិធីសិក្ខាសាលានេះដែរ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានលើកឡើងថា ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការពង្រឹងប្រព័ន្ធសុវត្ថិភាពឌីជីថល គឺជាកិច្ចការដ៏ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ត្រង់បញ្ចកោណទី ៥ គឺ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំងទៅលើបច្ចេកវិទ្យា និងបានចាត់ទុកបច្ចេកវិទ្យាជាកាតាលីករដ៏មានសារៈសំខាន់ថ្មីមួយនៅក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះដែរ ការវិវត្តដ៏លឿនរហ័សនៃបច្ចេកវិទ្យា ជាពិសេសគឺការវិវត្តនៃបច្ចេកវិទ្យា AI បានក្លាយជាអាវុធមុខ ២ ដែលអាចនាំមកនូវទាំងគុណសម្បត្តិ និងគុណវិបត្តិដ៏ធំធេង ដែលយើងគ្រប់គ្នាមិនអាចមើលរំលង និងធ្វេសប្រហែសបាននោះឡើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ចាក់ថា គោលបំណងសំខាន់បំផុតនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីក្រើនរំលឹកដាស់តឿនដល់គ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តទាំងអស់ឱ្យងាកមកផ្តោតការចាប់អារម្មណ៍លើការវិវត្តថ្មីនៃបច្ចេកវិទ្យា AI ក៏ដូចជាត្រូវយកចិត្តទុកដាក់តាមដានឱ្យបានជាប់ជាប្រចាំចំពោះការប្រើប្រាស់នូវបច្ចេកវិទ្យា AI ពីសំណាក់ក្រុមជនទុច្ចរិតមួយចំនួនដើម្បីបង្កើតជាព័ត៌មានក្លែងក្លាយ។  ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលានេះនឹងជួយពង្រឹងស្មារតី និងលើកកម្ពស់ការយកចិត្តទុកដាក់និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតរបស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីថែរក្សាស្ថិរភាពនយោបាយ និងសង្គម ជាពិសេសគឺសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់តាំងពីចុងឆ្នាំ ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតគឺ តេជោសែន។

បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការគ្រប់គ្រងព័ត៌មានមានសារៈសំខាន់នៅគ្រប់យុគ្គសម័យទាំងអស់ហើយកាន់តែសំខាន់ក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ផលវិបាកនៃព័ត៌មានក្លែងក្លាយ គឺអាចបង្កចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា និងថវិកា ការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព បង្កឱ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដើម។  ឯកឧត្តមបន្តថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបានយើងត្រូវតាមដាន វិភាគ វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលវេលា តាមបែបបុរេសកម្ម ប្រើប្រាស់សំឡេងតែមួយ រួមគ្នាឆ្លើយតបជាប្រព័ន្ធតួអង្គតែមួយ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងពីបច្ចេកវិទ្យាទំនើប និងជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។

សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គសពស ផងដែរ អំពីការពង្រឹងកិច្ចសហការប្រតិបត្តិការក្នុងចំណោមអ្នកនាំពាក្យដើម្បីប្រសិទ្ធភាពការងារ ដោយត្រូវរួមកម្លាំងគ្នាជាធុងមួយក្នុងការបំពេញភារកិច្ច ឆ្លើយតប បន្សាបព័ត៌មានអវិជ្ជមាន និងបង្ហាញជូនវិញនូវព័ត៌មានពិត ត្រឹមត្រូវ ដើម្បីការពាររាជរដ្ឋាភិបាល ក្រសួង ស្ថាប័នរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងប្រកបដោយទំនួលខុសត្រូវខ្ពស់។

តាមរយៈសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធាន គសពស ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមការងារទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងថ្នាក់ជាតិ និងក្រោមជាតិ ទទួលបានចំណេះដឹងថ្មីៗបន្ថែមដូចជា ការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI  យល់ដឹងអំពីហានិភ័យ និងវិធីសាស្ត្រផ្សេងៗដើម្បីទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាដ៏មានគ្រោះថ្នាក់ ក្នុងការបង្កើតជាព័ត៌មានក្លែងក្លាយ ។  ជាងនេះទៅទៀត ក្រុមការងារនឹងបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រការពារសុវត្ថិភាពគណនី នៅក្នុងបណ្តាញសង្គមផ្សេងៗ ដើម្បីបញ្ជៀសពីការលួចចូលមកកាន់កាប់ពីសំណាក់ក្រុមជនទុច្ចរិត ជាពិសេស បានដឹងកាន់ច្បាស់នូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការងារឆ្លើយតប បន្សាប និងបំភ្លឺនូវការពិតជូនសាធារណជនបានលឿនរហ័ស និងមានប្រសិទ្ធភាព ក្រោមកិច្ចសហការ ចង្អុលបង្ហាញ និងការសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការងារព័ត៌មាន និងសាធារណមតិ៕

អត្ថបទដែលជាប់ទាក់ទង