ជនបាត់បង់សមត្ថភាពការងារចំនួន៥៤១នាក់ត្រូវបានពិនិត្យព្យាបាលជំងឺជូនដោយឥគិតថ្លៃ
ព្រៃវែង៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែងព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញ “សំណេះសំណាល និងពិនិត្យព្យាបាលជំងឺជូនដល់សមាជិកអតីតយុទ្ធជន លើមុខសញ្ញាជនពិការ និងជនបាត់បង់សមត្ថភាពការងារចំនួន៥៤១នាក់ដែលមកពីតាមបណ្តាក្រុង-ស្រុក ចំនួន ០៧ ក្នុងខេត្ត ព្រៃវែង” ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់សមាជិកអតីតយុទ្ធជន លើមុខសញ្ញា ជនពិការ និងជនបាត់បង់សមត្ថភាពការងារចំនួន៥៤១នាក់ ដែលមកពីតាមបណ្តាក្រុង-ស្រុក ចំនួន០៧ ក្នុងខេត្ត ព្រៃវែងនេះ គឺបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងមនសិការស្រលាញ់ជាតិមាតុភូមិ និងប្រជាពលរដ្ឋ របស់យើង ក្នុងស្មារតីជាតិសាសតែមួយ។
ឯកឧត្ដមអភិសន្តិបណ្ឌិតបន្ថែមថា អ្វីដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចង់បាននោះមិនមែនជាមាសប្រាក់ ជាការកោតសរសើរ ឬផ្តល់រង្វាន់នោះទេ តែគឺជាស្នាមញញឹមរបស់បងប្អូនជនពិការ និងជនបាត់បង់សមត្ថភាពការងារ បន្ទាប់ពីទទួលបានការ ព្យាបាលរួចហើយ និងត្រឡប់ទៅផ្ទះប្រកបដោយសុខសុវត្ថិភាព។ នេះហើយគឺជាកម្លាំងចិត្តសម្រាប់ ក្រុមការងារនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលនៅតែចំណាយពេលបន្តចុះពិនិត្យព្យាបាលជូន រហូតមកដល់សព្វថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ យើងក៏មិនភ្លេចនឹកដល់គុណូបក្ការៈគុណដ៏ថ្លៃថ្លារបស់បងប្អូនជនពិការ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ខិតខំដឹកនាំ កសាង ថែរក្សា ការពារប្រទេសកម្ពុជា និងប្រជាពលរដ្ឋ ទូទាំងប្រទេសទទួលបាននៅសន្តិភាពពេញលេញ ពេញផ្ទៃប្រទេស។
ជាមួយនោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងក្នុងនាមជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង បានលើកឡើងថា គិតចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន ស.អ.ក ខេត្តព្រៃវែង បានទទួលគម្រោងសង់ផ្ទះជូន អតីត យុទ្ធជនដែលមានជីវភាពទីទ័លក្រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន១៨២ខ្នង និងបានប្រគល់ជូនអតីតយុទ្ធជនចំនួន១៦២ខ្នងមនៅសល់២០ខ្នងទៀតបានសាងសង់ផ្ទះរួចរាល់ និងបានឱ្យអតីតយុទ្ធជនចូលនៅ ប៉ុន្តែមិនទាន់ធ្វើពិធីប្រគល់ទទួល។
កន្លងមក ស.អ.ក ខេត្តព្រៃវែងបានរៀបចំបញ្ជូនគ្រួសាអតីតយុទ្ធជនចំនួន៥៤គ្រួសារ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិស្រះទឹកអភិវឌ្ឍន៍តេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅពេលជូនដល់គោលដៅមានតែអតីតយុទ្ធជនចំនួន៣៧គ្រួសារបានស្ម័គ្រចិត្តរស់នៅទីនោះ ដោយឡែក១៧គ្រួសារទៀតបានវិលត្រឡប់មកនៅភូមិកំណើតវិញ៕