ក្រុមប៉ូលិសខេត្តបាត់ដំបងបំភ្លឺជុំវិញករណីបុរសម្នាក់ដុតម៉ូតូចោល ខណៈអ្នកដុតញៀនថ្នាំញៀន
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបំភ្លឺថា កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានអគ្គិភ័យមួយកេីតឡេីង ដោយបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-Xធ្វេីសកម្មភាពដុតម៉ូតូដែលជិះនោះចោល បង្កឱ្យមានការភ្ញាក់ផ្អេីល ដល់អ្នកធ្វេីដំណេីរតាមដងផ្លូវ ហេីយភ្លាមៗនោះ ត្រូវបានធ្វេីការអន្តរាគមន៍ ពន្លត់បានតែម៉ូតូត្រូវខូចខាតស្ទេីរទាំងស្រុង ហេីយក្នុងឧប្បត្តិហេតុនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកណាឡេីយ។
នៅពេលកេីតហេតុភ្លាមៗលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាឱ្យមន្រ្តីនរបាលធ្វេីការស្រាវជ្រាវជុំវិញករណីនេះស្វែងរកបុរសដែលធ្វេីសកម្មភាពដុតម៉ូតូនោះហេីយនៅរសៀលថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការបានដឹកនាំស្រាវជ្រាវរហូតឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ទូច សុផាន់ណា ហៅ ភិន អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅចំណុចភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។
តាមលទ្ធផលនៃការសាកសួរនេះ ជនសង័្សយខាងលេីបានឆ្លេីយសារភាពថា នាព្រឹកនោះគឺរូបគេបានធ្វេីសកម្មភាពយកចបកាប់វាយបំផ្លាញទីបូជនីយដ្ឋានសាសនាឬបូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា (វាយស្តូបទីសក្ការបូជា ដាក់ធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម) នៅក្នុងបរិវេណវត្តសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ហេីយពេលវាយបំ ផ្លាញវត្ថុនៅទីនេះរួច រួបគេបានជិះម៉ូតូខាងលេី មកដល់ចំណុចសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គេបានដុតម៉ូតូនោះបង្កឱ្យឆាបឆេះរួចគេគេចខ្លួនតែម្តង។ ចំពោះមូលហេតុដែលនាំទៅដល់ការប្រព្រឹត្តិនូវសកម្មភាពបែបនេះរូបគេបានឆ្លេីយសារភាពថា គេបានប្រេីប្រាស់គ្រឿងញៀនក្នុងកម្រិតច្រេីន។
លោកអធិការបានបញ្ជាក់ថា ការធ្វេីតេស្តស្វែងរកសារធាតុញៀនចំពោះជនសង័្សយខាងលេី បានបង្ហាញថា គេពិតជាមានវិជ្ជមាននៃសារធាតុញៀននៅក្នុងខ្លួនប្រាកដមែន។ ជនសង័្សយរូបនេះ សមត្ថកិច្ចនឹងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕