កម្លាំងប៉ូលិសខេត្តបន្ទាយមានជ័យឃាត់ខ្លួនអ្នកឆបោកប្រាក់ ក្រោមរូបភាពកម្ចីអនឡាញបាន១នាក់

ជនសង្ស័យ០១នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និង ឃាត់ខ្លួន ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពទិញគណនីធនគារ ដើម្បី ឆបោកប្រាក់ ក្រោមរូបភាពកម្ចីអនឡាញ។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរងផែនការងារសន្តិសុខ និងការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង យោងបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ត. ដ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ បានវេលុយអស់ប្រាក់ ចំនួន ១៤៦៥២ដុល្លារ។ កម្លាំងការិយាល័យជំនាញ បាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០២៤ ចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ឈឿង ឆិត្រា ហៅ ត្រា ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមបណ្តឹងជនរងគ្រោះ ឈ្មោះ ត.ដ បានឲ្យដឹងថា ខ្លួនបានឃើញផេកហ្វេសបុកកម្ចីអនឡាញ ឈ្មោះហិរញ្ញវត្ថុឆ្លាតវៃ Smart Finance និងបានឆាតសួរនាំ រឿងកម្ចីប្រាក់។

បន្ទាប់មកគេបានសុំគណនីតេលេក្រាមជនរងគ្រោះដើម្បីទំនាក់ទំនង។ ជនរងគ្រោះក៏បានឲ្យទៅគេនិងបានឆាតទំនាក់ទំនងគ្នាតាមគណនីតេលេក្រាមរបស់ខ្លួននិងតេលេក្រាមជនសង្ស័យឈ្មោះហិរញ្ញវត្ថុឆ្លាតវៃ Smart Finance និងបានសួរនាំពីកម្ចីប្រាក់ ហើយខាងក្រុមហ៊ុនបានសួរនាំពីចំណូលរបស់ជនរងគ្រោះ និងបានឲ្យថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងបានឲ្យថតរូបងាកឆ្វេង ងាកស្តាំ និងបានប្រាប់ជនរងគ្រោះថាអាចខ្ចីបាន១៣០០០$ តែគេសុំ៣១០$មុនជាថ្លៃរៀបចំឯកសារ ។ជនរងគ្រោះក៏យល់ព្រម និងបានវេរប្រាក់តាមរយៈQR code ។

ក្រោយមកខាងក្រុមហ៊ុនបានប្រាប់មកជនរងគ្រោះ ថាខុសនេះខុសនោះ និងលោងលោមឲ្យជនរងគ្រោះវេរលុយទៅឲ្យគេ រហូតដល់១០លើក សរុបទឹកប្រាក់១៤៦៥២$ ក្រោយវេររួចទើបដឹងថាត្រូវចាញ់បោកគេ។

បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង