ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ “ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ”
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា “ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ”។ ការគូសបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅលើទំព័រហ្វេសប៊ុកដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ។
ឯកឧត្ដមបន្តថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនអនុវិទ្យាល័យដែលក្រសួងមុខងារសាធារណៈកំពុងរៀបចំ មានបេក្ខជនដាក់ពាក្យប្រមាណ៦ម៉ឺននាក់។ ក្នុងនោះ បេក្ខជនដែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងមានចំនួន ៣៣៣១៤ នាក់ សម្រាប់ក្របខ័ណ្ឌដែលត្រូវជ្រើសរើសចំនួន ៤៤១កន្លែង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្តទៀតថា តាមរយៈចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ជាប្រវត្តិសាស្ត្រនេះ បានការឆ្លុះបញ្ចាំងពីការជឿទុកចិត្តមកលើប្រព័ន្ធនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ពីសំណាក់មហាជន យុវជន និងបេក្ខជនដែលបានដាក់ពាក្យ។ ទោះបីជាយ៉ាងណាក្តី ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ត្រូវអនុលោមនិយាយនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការ និងឈរលើគោលការណ៍គុណាធិតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ស្របតាមគោលការណ៍ដឹកនាំ តម្រង់ទិសដ៏មោះមុតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ក្នុងន័យនេះ វប្បធម៌ ឬផ្នត់គំនិតអន្តរាគមន៍ត្រូវជំនួសដោយវប្បធម៌ទទួលខុសត្រូវជាបុគ្គល។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្ថែមថា ជុំវិញការរៀបចំចំនួនបេក្ខជនដ៏ច្រើននេះ គណៈកម្មការរៀបចំការប្រឡងប្រជែងបានកំណត់ក្នុងកិច្ចប្រជុំនារសៀលនេះថា ការប្រឡងលើវិញ្ញាសារសរសេរលើកទី១ (ដើម្បីសម្រាំងបេក្ខជន) នឹងត្រូវប្រព្រឹត្តទៅរយៈពេល៤ ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ តាមផែនមុខវិជ្ជាឯកទេសផ្សេងៗគ្នា និងនៅមណ្ឌលប្រឡងផ្សេងៗគ្នា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យបេក្ខជនតាមដានការផ្សព្វផ្សាយសេចក្តីជូនដំណឹង និងព័ត៌មានផ្សេងៗជាបន្តបន្ទាប់តាមបណ្តាញផ្សព្វផ្សាយនានា ជាពិសេសបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ៕