«អាណាចក្រ និងពុទ្ធចក្រ មិនអាចកាត់ផ្តាច់ពីគ្នានោះឡើយ!»


ភ្នំពេញ៖ «អាណាចក្រ និងពុទ្ធចក្រ មិនអាចកាត់ផ្តាច់ពីគ្នានោះឡើយ។ អាណាចក្រ និងពុទ្ធចក្រ ផ្សារភ្ជាប់គ្នាយ៉ាងសំខាន់ មិនអាចខ្វះគ្នាបាននោះឡើយ។ការផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ គឺជាទស្សនៈវិស័យនយោបាយរបស់បក្សប្រជាជនកម្ពុជា តាំងពីពេលចាប់ផ្តើមតស៊ូរំដោះជាតិ»។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសប្រមាណ ១៥០០នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅឆ្នាំ១៩៧០ នៅពេលផ្នែកអាណាចក្រជួបវិបត្តិសង្គ្រាម ផ្នែកពុទ្ធចក្រ ក៏ជួបនឹងវិបត្តិដូចគ្នាផងដែរ។ សម្តេចបន្តគ្រាប់បែកមិនស្គាល់ព្រះសង្ឃ ឬទីអារាមនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ចំណងទាក់ទងគ្នារវាងអាណាចក្រ និងពុទ្ធចក្រនេះ ត្រូវបានសម្តេចសរសេរក្នុងនិក្ខេបបទបណ្ឌិតវិទ្យាសាស្ត្រនយោបាយតាំងពី៣០ឆ្នាំមុនមកម្ល៉េះ។សម្តេចបានបន្ថែមថា ការដឹកនាំប្រទេសជាតិ មិនអាចមើលស្រាលតួនាទីសាសនានោះឡើយ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចលើកឡើងពីវិបត្តិអាចារ្យ ផ្តើមចេញពីពិធីមង្គលការកូនរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ ក្នុងពិធីនោះអាចារ្យភ្លេចវាយឃ្មោះ។

សម្តេច ហ៊ុន សែន ផ្តល់យោបល់ដល់អាចារ្យ ឱ្យពិភាក្សាជាមួយម្ចាស់ដើមការ រឿងដាក់កូនប្រុសអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំ។សម្តេចផ្តាំទៅអាចារ្យកុំឱ្យរឹងទទឹងយកក្បួនច្បាប់ទៅបង្ខំម្ចាស់ដើមការរឿងដាក់កូនប្រុសនៅខាងឆ្វេង ឬខាងស្តាំ។

ក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសរសើរភរិយារបស់សម្តេចគិតគូរគ្រប់សព្វទាំងអស់នៅពេលមានកម្មវិធីបុណ្យទាន ឬមង្គលការ។សម្តេចបន្តថា ភរិយារបស់សម្តេចជាបង្អែកដ៏សំខាន់នៅក្នុងជីវិតរបស់សម្តេច។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅ «អាខ្មៅ» រកឱ្យឃើញភស្តុតាងសម្តេចផ្ញើលុយឱ្យលោក ជេម សុខ ១០ម៉ឺនដុល្លារ។ បើរកមិនឃើញទេ សម្តេចមិនឈប់រករឿងនោះឡើយ។

សម្តេចតេជោបានបន្តលើកឡើងថា ការចោទសម្តេចផ្តល់លុយឱ្យលោក ជេម សុខ ពីសំណាក់ «អាខ្មៅ» គឺជាធម៌មុសា។

ក្នុងពិធីសំណេះសំណាល​ជា​មួយអាចារ្យ-អាចារិនីនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាចារ្យ អាចារិនី ចូលរួមអប់រំពលរដ្ឋ និងយុវជននៅតាមភូមិឋាន ឱ្យលះបង់អំពើអបាយមុខ ដូចជាល្បែងស៊ីសង និងការប្រើប្រាស់គ្រឿងញៀន។

គួរជម្រាបជូនថា ពិធីសំណេះសំណាល​ជា​មួយអាចារ្យ-អាចារិនីនេះ ប្រព្រឹត្តទៅស្របពេលប្រជាពុទ្ធបរិស័ទ​ទាំង៥១​ប្រទេស នៃទ្វីបទាំង៥ ដែលជាសមាជិកនៃព្រះពុទ្ធសាសនាពិភពលោក កំពុងសប្បាយរីករាយត្រេកអរប្រារព្ធពិធីបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា នៅលើសកលលោកនាថ្ងៃនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង