ពលរដ្ឋខ្មែរ៧៨នាក់ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានជួយសង្គ្រោះដោយជោគជ័យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ  នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។

ឯកឧត្ដម ហេង សួរ បញ្ជាក់ថា៖ «ព័ត៌មានបឋមអំពីករណីប្រជាពលរដ្ឋខ្មែរចំនួន៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង និងជួយសង្គ្រោះដោយជោគជ័យ ហើយកំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះចំនួន២២នាក់”។

ប្រជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។

ឯកឧត្ដម ហេង សួរ បានបញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋទាំងអស់ បានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំមួយដែលមានសុវត្ថិភាពដើម្បីរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ។ ក្នុងអំឡុងពេលរង់ចាំនេះ លោក អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងទទួលលើការហូបចុក និងស្នាក់នៅ។ ឯឧត្ដមបានជំរុញឱ្យបងប្អូនដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានបំណងទាក់ទងលម្អិត គឺអាចទំនាក់ទំនងទៅលោក សុះ ហ៊ីម តាមរយៈទូរសព្ទលេខ +966 5804 65578 ឬទាក់ទងទៅលោក អ៊ុក សារុន ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីតផ្ទាល់តាមរយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370៕

អត្ថបទដែលជាប់ទាក់ទង