«ក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្ម កម្ពុជាមានតែខិតខំប្រឹងប្រែងក្នុងការពង្រឹងខ្លួនដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក…»

ភ្នំពេញ៖ «ក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្ម កម្ពុជាមានតែខិតខំប្រឹងប្រែងក្នុងការពង្រឹងខ្លួនដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក។ ក្នុងន័យនេះ ការធ្វើទំនើបកម្មវិស័យមូលធនមនុស្ស គឺចាំបាច់ត្រូវបន្តអនុវត្តជាប់ជាប្រចាំ ដែលក្នុងនេះ ការបន្តទំនើបកម្មវិស័យអប់រំ និងសាលារៀន គឺជាកត្តាអាទិភាពចម្បង ដោយត្រូវពិនិត្យមើលគ្រប់កត្តាពាក់ព័ន្ធ រួមមាន ជាអាទិ៍៖ មេរៀន, កម្មវិធីសិក្សា, វិធីសាស្ត្របង្រៀន, ឧបករណ៍ និងសម្ភារឧបទេស និងគ្រូបង្រៀន។ លើសពីនេះ ការបង្កើតឱ្យមានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍនៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាកត្តាចាំបាច់ សម្រាប់បម្រើដល់តម្រូវការផ្ទាល់ក្នុងការបង្រៀន និងសម្រាប់បម្រើដល់នវានុវត្តន៍របស់ប្រទេសជាតិទាំងមូល ក្នុងការបោះជំហានទៅអនាគតប្រកបដោយភាពច្នៃប្រឌិត ជាក់លាក់ និងសម្បូណ៌បែប»។ ការជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាព គឺជាបរិស្ថាន អំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល។ ឯកឧត្តមបន្តថា «ដូចនេះភារកិច្ចចម្បងរបស់ប្រជាពលរដ្ឋគ្រប់រូបៗ គឺការបន្តរួបរួមគ្នាថែរក្សាកេរដំណែលដ៏មានតម្លៃមហាសាលនេះ ឱ្យបានគង់វង្សសម្រាប់ជាតិ និងប្រជាជនគ្រប់ជំនាន់តទៅ តាមរយៈការអនុវត្តនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងឥតងាករេរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សំដៅជំរុញការអភិវឌ្ឍជាតិមាតុភូមិ និងធ្វើយ៉ាងឱ្យប្រជាជនទទួលបាននូវផលសម្រាប់ខ្លួន និងគ្រួសារ ហើយអាចនឹងផ្តល់ផល ត្រលប់មកសង្គមជាតិទាំងមូលវិញផងដែរ»។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ាណែត សូមអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាទាំងអស់នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានរួបរួមគ្នាចូលរួម យ៉ាងសកម្មក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាប្រយោជន៍សម្រាប់អនាគតរបស់សិស្ស-និស្សិត ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតសមាគមនេះ នាឆ្នាំ២០០៤ ដើម្បីចូលរួមអនុវត្តគោលនយោបាយក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា «សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលដ៏ច្រើនលើសលប់ ជាពិសេសរក្សាបាននូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ការអភិវឌ្ឍជាតិ និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ក្នុងន័យនេះ មន្ត្រីបក្សគ្រប់ជំនាន់ត្រូវបេ្តជ្ញាប្រកាន់ខ្ជាប់នូវមាគ៌ាគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ជាពិសេសលើវិស័យអប់រំ ដើម្បីបន្តបម្រើ និងលើកកម្ពស់កម្រិតមូលធនមនុស្សកម្ពុជា ឱ្យធានាបាននូវការប្រកួតប្រជែងស្មើមុខស្មើមាត់ទាំងនៅកម្រិតតំបន់ និងសាកលលោក»៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង