សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី២០មេសានេះ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា សម្ដេចសូមស្វាគមន៍យន្តហោះគ្រឿងទី១ របស់ Air Asia Cambodia ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ដោយបានរចនារូបប្រាសាទអង្គរវត្ត និងអក្សរ Cambodia យ៉ាងស្រស់ស្អាត ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។ រីឯ ការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន ៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃផងដែរ ចំណែកឯការហោះហើរក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ៕