សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រមុខការទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅល្ងាចថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក វ៉ាង យី រដ្ឋ​មន្ត្រី​ការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ​គណៈ​កម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរនោះ បានអញ្ជើញមកដល់កម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បី​បំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។

ជាន់ដីកម្ពុជាភ្លាម លោក វ៉ាង យី បានអញ្ជើញចូលបង្គំគាល់ និងសវនាការ​ជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទាប់មកលោក វ៉ាង យី ក៏ចូលជួបពិភាក្សាការងារជាមួយលោក​ឧបនាយក​រដ្ឋមន្ត្រី សុខ ចិន្តាសោភា ប្រមុខការទូតរបស់កម្ពុជា។

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ លោក វ៉ាង យី បានអញ្ជើញចូលរួមកិច្ច​ប្រជុំ​លើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរដ្ឋាភិបាលកម្ពុជា-ចិន នៅ​ក្រុម​​​ប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលភាគីកម្ពុជាដឹកនាំដោយលោកឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នៅក្រោយកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក វ៉ាង យី បានរៀបចំពិធីអបអរសាទរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យ​នាំ​ចេញ​​ទៅកាន់ទីផ្សារចិនជាផ្លូវការ។ លោក ស៊ុន ចាន់ថុល និងលោក វ៉ាង យី ក៏​បាន​ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ទៀត ដើម្បី​រួម​ចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្មនៅកម្ពុជា។ ឯកសារសំខាន់​ចំនួន​៣នេះរួមមាន

ទី១៖ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយ​របស់ចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាត​នៅជនបទដំណាក់កាលទី២ 

ទី២៖ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា

ទី៣៖ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

 ភាគីទាំងពីរក៏រៀបចំពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ។

នៅរសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអនុញ្ញាតឱ្យលោក វ៉ាង យី ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

លោក វ៉ាង យី នឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤​។ ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅពេលនេះ ធ្វើឡើងស្របពេលប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

លោក វ៉ាង យី ជាប្រមុខការទូតរបស់ចិនដែលទស្សនកិច្ចនៅកម្ពុជាញឹកញាប់បំផុត។ លោកទើបនឹងបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង