សមាជិកក្លឹបសិក្សាច្បាប់៖ ការត្រួតពិនិត្យ និងបញ្ជាក់សំណង់រាល់ការងារសំណង់ត្រូវគោរពគោលការណ៍
ភ្នំពេញ៖ ដើម្បីស្រាយចម្ងល់ស្ដីពី ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ រាល់ការងារសំណង់ សមាជិកក្លឹបសិក្សាច្បាប់ និស្សិតឈ្មោះ រឿន គឹមសួរ និងនិស្សិតឈ្មោះ ជា លឹមអេង បានបង្ហាញថា ការត្រួតពិនិត្យ និងបញ្ជាក់សំណង់រាល់ការងារសំណង់ត្រូវគោរពគោលការណ៍ដូចខាងក្រោម៖
*ការពារផលប្រយោជន៍សាធារណៈ និងសិទ្ធិបុគ្គល
*ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន
*រៀបចំដែនដី និងនគរូបនីយកម្ម
*អភិវឌ្ឍន៍បៃតង ការពារធនធានធម្មជាតិ និងបរិស្ថានរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ។ (មាត្រា៦ នៃច្បាប់ស្តីពីសំណង់ ឆ្នាំ២០១៩)។ការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់ សំដៅដល់ការត្រួតពិនិត្យ ការវិភាគ និងការបញ្ជាក់ លើគម្រោងប្លង់ ការគណនា សេចក្តីណែនាំបច្ចេកទេសសម្រាប់ការងារសាងសង់ ឬរុះរើ និងប្រតិបត្តិការការងារសាងសង់ ឬរុះរើ អំពីអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។
(មាត្រា៣ ចំណុច១ អនុក្រឹត្យស្តីពី លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងការបញ្ជាក់សំណង់ ឆ្នាំ២០២០)
*អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ មាន០៤ប្រភេទដូចខាងក្រោម៖
១. អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅ
២. អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្ម
៣. អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់
៤. អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក។
(មាត្រា៥ អនុក្រឹត្យស្តីពី លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងការបញ្ជាក់សំណង់ ឆ្នាំ២០២០)
*អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅមាន០២កម្រិតដូចខាងក្រោម៖
១. អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅកម្រិត០១ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់សម្រាប់សំណង់គ្រប់ប្រភេទ។
២. អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅកម្រិត០២ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់សម្រាប់សំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
(មាត្រា៦ អនុក្រឹត្យស្តីពី លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងការបញ្ជាក់សំណង់ ឆ្នាំ២០២០)
ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត០១ ត្រូវបំពេញ លក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖
*បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ១ ០០០ ០០០ ០០០ (មួយពាន់លាន) រៀល
*មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ០១រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច២០ឆ្នាំ
*មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ០៣រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍ក្នុង មុខជំនាញយ៉ាងតិច១៥ឆ្នាំ
*មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ០៥រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល មេកានិក អគ្គិសនី ទឹក ឬភូគព្ភសាស្ត្រ និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច ១៥ ឆ្នាំ
*មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុង ព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។
(មាត្រា១០ អនុក្រឹត្យស្តីពី លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងការបញ្ជាក់សំណង់ ឆ្នាំ២០២០)
ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ទូទៅកម្រិត០២ ត្រូវបំពេញ លក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖
*បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៥០០ ០០០ ០០០(ប្រាំរយលាន) រៀល
*មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ០១រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ) ឆ្នាំ
*មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ០២រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍ក្នុង មុខជំនាញយ៉ាងតិច១០ឆ្នាំ
*មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ០៤រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល មេកានិក អគ្គិសនី ទឹក ឬភូគព្ភសាស្ត្រ និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច១០ឆ្នាំ
*មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។
(មាត្រា១១ អនុក្រឹត្យស្តីពី លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងការបញ្ជាក់សំណង់ ឆ្នាំ២០២០)
នីតិវិធីនៃការផ្តល់ ការបញ្ចប់សុពលភាព និងការបន្តសុពលភាពអាជ្ញាបណ្ឌត្រួតពិនិត្យ និងបញ្ជាក់សំណង់
ពាក្យស្នើសុំអាជ្ញាបណ្ណ ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ពាក្យស្នើសុំបញ្ចប់សុពលភាព និងពាក្យ ស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងដាក់នៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (មាត្រា២៥ កថាខណ្ឌ១ អនុក្រឹត្យស្តីពី លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងការបញ្ជាក់ សំណង់ ឆ្នាំ២០២០)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវសម្រេចលើពាក្យស្នើសុំអាជ្ញាបណ្ណ ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ពាក្យស្នើសុំ បញ្ចប់សុពលភាព និងពាក្យស្នើសុំបន្តសុពល ភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្នុងរយៈពេលយ៉ាងយូរ ២០ថ្ងៃនៃថ្ងៃធ្វើការ គិត ចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។ (មាត្រា២៥ កថាខណ្ឌ២ អនុក្រឹត្យស្តីពី លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងការបញ្ជាក់សំណង់ ឆ្នាំ២០២០)
កម្រៃសេវាផ្តល់អាជ្ញាបណ្ណ ការចេញសន្លឹក អាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្ត សុពលភាព អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់ សំណង់ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួង របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (មាត្រា២៦ កថាខណ្ឌ៣ អនុក្រឹត្យស្តីពី លក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងការបញ្ជាក់សំណង់ ឆ្នាំ២០២០)
បែបបទ និងបរិបថនៃការផ្តល់អាជ្ញាបណ្ណ ការ ផ្តល់សន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋ មន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (មាត្រា២៧ អនុក្រឹត្យស្តីពី លក្ខខណ្ឌ និងនីតិវិធីនៃ ការត្រួតពិនិត្យ និងការបញ្ជាក់សំណង់ ឆ្នាំ២០២០)៕
ដោយសមាជិកក្លឹបសិក្សាច្បាប់៖ និស្សិត រឿន គឹមសួរ និងនិស្សិត ជា លឹមអេង