កម្លាំងប៉ូលិសរបស់លោកស្នងការ ឈឿន សុចិត្ត បានឃាត់ម្ចាស់និងរថយន្ត៣គ្រឿង ពាក់ព័ន្ធករណីផលិតផលក្លែងក្លាយ និងក្លែងប្រភព
កណ្ដាល៖ ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងសម្របសម្រួលនីតិវិធីដោយឯកឧត្ដម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលតាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅវេលាម៉ោង៧៖៤៣នាទី ថ្ងៃព្រហ្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបន្តត្រួតពិនិត្យទំនិញដែលនៅក្នុងរថយន្តបានឃាត់រថយន្តចំនួន៣គ្រឿង ពាក់ព័ន្ធករណីផលិតផលក្លែងក្លាយ និងក្លែងប្រភព។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ។
ប្រភពបានបន្តថា *រថយន្តទី១ ម៉ាក Saang Yong ពណ៌បៃតង ចាស់ ពាក់ស្លាកលេខភ្នំពេញ 2H-6046 ដោយមានតំណាងម្ចាស់ទំនិញនិងជាម្ចាស់រថយន្តមានឈ្មោះ កែន ប្រុស ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ មុខរបរបើកបរ ដែលមានទំនិញ៖ *សាប៊ូម៉ាកfineline ចំនួន២០០កេស*សំបកកំពង់ឡេចំនួន៧បេ*ស្បែកជើងចំនួន១បេ*កន្សែងចំនួន៦បេ។ *រថយន្តទី២ ម៉ាក KIA BONGoIII ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BF -5134 ដោយមានតំណាងម្ចាស់ទំនិញនិងជាម្ចាស់រថយន្តមានឈ្មោះ កែវ សុខហាយ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរបើកបរ មានទំនិញ៖ *សាប៊ូម៉ាកfineline ចំនួន១៧៧កេស*សាប៊ូម៉ាក់D-nee ៦០កេស*ប៊ូឡុងដែកចំនួន១៦បេ។ *រថយន្តទី៣ ម៉ាកកូរ៉េ ១.៥តោន ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2M-5330 ដោយមានតំណាងម្ចាស់ទំនិញនិងជាអ្នកបើកបរ រថយន្តមានឈ្មោះ ស៉ឹង សែ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិស្រែស្រម៉ ឃុំទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរបើកបរ។
ប្រភពបានបន្តទៀតថា រថយន្តខាងលើបានដឹកទំនិញជាប្រភេទ *សាប៊ូម៉ាក់Fine line ចំនួន៥១៨កេស *សាប៊ូម៉ាក់D-nee ចំនួន៩៩កេស *ប្រេងរំអិល ចំនួន២៤៧កេស*ធូបមូសម៉ាក់ ranger ចំនួន១១០កេស និងទំនិញជាច្រើនប្រភេទទៀតជាប្រភេទទំនិញក្លែងក្លាយ និងក្លែងប្រភព។ប្រភពបន្តថា នៅវេលាម៉ោង៨៖៣០នាទីថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានបន្តត្រួតពិនិត្យទំនិញដែលនៅក្នុងរថយន្ត ដោយមានការចូលរួមពីម្ចាស់រថយន្តចំនួន៣គ្រឿង ដែលបានឃាត់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីផលិតផលក្លែងក្លាយ និងក្លែងប្រភពនៅស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ទីតាំងឃ្លាំងស្តុកទំនិញក្លែងក្លាយ និងក្លែងប្រភព ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានម្ចាស់ឈ្មោះ សុខ សុខា ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានស្រុកកំណើត ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបច្ចុប្បន្នរស់នៅផ្ទះលេខ៤៣ F ផ្លូវជាតិលេខ២ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជាប្រពន្ធរបស់លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ ដែលបម្រើការងារនៅក្រសួងការពារជាតិ៕