ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គិតត្រឹមថ្ងៃទី២៦ មេសា ២០២៤នេះ កម្ពុជាទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេសចំនួន១២៨គម្រោង មានថវិកាសរុបប្រមាណ២.៥១៣លានដុល្លារ

ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ដែលមានអ្នកចូលរួមសរុបប្រមាណ៣៨០នាក់។

ឯកឧត្តមបានជម្រាបជូនសមាជិក សមាជិកាទាំងអស់ត្រៀមខ្លួនដើម្បីបម្រើនិងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម បានបន្តដោយជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគក្នុងប្រទេសកម្ពុជា ដោយក្នុងនោះគិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេសចំនួន ១២៨គម្រោង ដែលមានថវិកាសរុបប្រមាណ ២.៥១៣លានដុល្លារ ដែលនេះបង្ហាញអំពីលទ្ធផលនៃកិច្ចប្រឹងប្រែងដូចភ្លៀងរលឹមរបស់ប្រមុខថ្នាក់ដឹកនាំ។

ឯកឧត្តមបានបង្ហាញនូវជំនឿចិត្តខ្ពស់ និងការតាំងចិត្តយ៉ាងរឹងមាំក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោឱ្យសម្រេចបានជោគជ័យ ស្របនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ និងទទួលបានទំនុកចិត្តទាំងស្រុង ដូចដែលបានលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដូចដែលសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ មហាគ្រួសារសមាគមឧកញ៉ាកម្ពុជាថា គម្រោងព្រែកជីក «ហ្វូណនតេជោ» មានសារប្រយោជន៍ សម្រាប់ផ្នែកសេដ្ឋកិច្ចនៃវិស័យដឹកជញ្ជូន រំដោះទឹកជំនន់នៅទិសនិរតីនៃកម្ពុជា ជួយលើវារីវប្បកម្មកាន់តែប្រសើរ ព្រមទាំងជំនួសពីការខ្វះទឹកជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតីផងដែរ។

ឯកឧត្តមបានអំពាវនាវ និងស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង