ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលក្នុងពិធីឈាបនកិច្ច យោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ និងសហការី នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីឈាបនកិច្ចយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ក្នុងវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះគឺជាការបាត់បង់នាយទាហាន នាយទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម ដោយបានចូលរួមធ្វើពលិកម្មដ៏មោះមុតក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសានជីវិត។
ឯកឧត្តមបានបន្តថា លើសពីនេះ ស្ថិតក្នុងសមានទុក្ខនៃសោកនាដកម្មដ៏ក្រៀមក្រំ ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតាមដាន និងយកចិត្តទុកដាក់ ព្រមទាំងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសម្តែងនូវការសោកសង្រេងអាណិតអាសូរចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យរៀបចំចាត់ចែងពិធីបុណ្យសពជូនយោធិនដែលបានពលី និងយកចិត្តទុកដាក់ព្យាបាលថែទាំអ្នករងរបួសក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសម នឹងពលិកម្ម និងវីរភាពក្នុងបេសកកម្មជូនជាតិ មាតុភូមិ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីរាជការទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីទាំង២០នាក់ សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោក លោកស្រីក្រុមគ្រួសារយោធិនពលី ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ៕