ឯកឧត្ដម ហ៊ុន ម៉ានិត អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៨ របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកចំការលើ
កំពង់ចាម៖ ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង៨ របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកចំការលើ ខេត្តកំពង់ចាម។
ឯកឧត្ដម ហ៊ុន ម៉ានិត សូមថ្លែងអំណរគុណដល់ក្រុមការងារគណបក្ស និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាជន ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាពប្រជាជននៅមូលដ្ឋាន។
ឯកឧត្ដមសូមថ្លែងអំណរគុណដល់អ៊ំ ពូមីង បងប្អូន ដែលជាក្រុមការងារគណបក្ស មន្ត្រីគណបក្ស និងអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានបំពេញកាតព្វកិច្ច និងតួនាទី ស្វែងរកសម្លេងឆ្នោត បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ដោយសារការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាលទ្ធផលខេត្តកំពង់ចាមទទួលបានសម្លេងគាំទ្របន្ថែមពីសមាជិកគណបក្សដទៃ បោះឆ្នោតជូនគណបក្សរបស់យើង។
ឯកឧត្ដមប្រធានបានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។ ដូចនេះសូម អ៊ំ ពូមីង បងប្អូន ដែលជាអង្គបោះឆ្នោត សូមត្រៀមលក្ខណៈឱ្យបានល្អ ថែរក្សាសុខភាព និងសុវត្ថិភាព ជាពិសេសឯកសារសម្រាប់បម្រើការបោះឆ្នោត។
ឯកឧត្ដម ហ៊ុន ម៉ានិត ស្នើសុំឲ្យក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ មន្ត្រីគណបក្ស សមាជិក្រុមប្រឹក្សាស្រុក និងឃុំ បន្តពង្រឹងសាមគ្គីភាព រួមគ្នាដោះស្រាយបញ្ហាជូនប្រជាជន ឱ្យបានទាន់ពេលវេលា៕