រដ្ឋមន្រ្តី៣រូបរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីស្វែងយល់ពីសក្តានុពល និងតម្រូវការនៅក្នុងវិស័យទាំង៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីស្វែងយល់អំពីសក្តានុពល និងតម្រូវការនៅក្នុងវិស័យទាំង៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញនៃក្រសួងទាំង៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានThe Mirror News ទទួលបានពីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៅថ្ងៃនេះ។
ឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងទាំង៣ក៏បានដាក់ចេញនូវចំណុចសំខាន់ចំនួន៤៖
១៖ កំណត់គោលដៅយុទ្ធសាស្ត្រ ដែលជាអាទិភាពរួមរបស់ក្រសួងទាំង ៣ ហើយដាក់ធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។
២៖ ប្រឹក្សាយោបល់ជាមួយគ្នា តាមជំនាញនិងវិស័យរៀងៗខ្លួន ឱ្យបានទៀងទាត់ និងជាប់លាប់ ដើម្បីបង្ការ និង ទម្លុះនូវភាព រាំងស្ទះទាំងឡាយ ហើយឈានទៅសម្រេចបាននូវគោលដៅ ដែលបានកំណត់។
៣៖ ផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធ នឹងសហគមន៍របស់ក្រសួងទាំង ៣ ដូចជាសហគមន៍កសិកម្ម ទំនើបរបស់ក្រសួងកសិកម្ម សហគមន៍ប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និងគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើ យ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានអត្ថ ប្រយោជន៍ជា អតិបរមា។
៤៖ ឯកភាពជាគោលការណ៍ បង្កើតក្រុមការងារអន្តរក្រសួង ដើម្បី ធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់ រាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និង កំណត់ផែនការងារបន្ត។
គួររំលឹកថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យការងាររវាងក្រសួងទាំង៣ មានភាពស៊ីចង្វាក់គ្នា ធ្វើការជាមួយគ្នាដោយតម្កល់ប្រយោជន៍ជាតិជាធំ ជួយលើកកម្ពស់ជីវភាពប្រជាជនឱ្យមានបាន មានផលចំណេញដល់កសិករ មានផ្លូវដង្ហើមសេដ្ឋកិច្ច មានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ៕