ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ “កត្តាមនុស្សជាគន្លឹះនៃភាពជោគជ័យលើការងារនីមួយៗ”

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងលើទំព័រហ្វេសប៊ុកថា ផ្នែកមួយនៃបេសកកម្មនៅក្នុងខេត្តសៀមរាបរយៈពេល២ថ្ងៃនេះ ខ្ញុំ និងក្រុមការងារ បានជួបសន្ទនា សំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្ត្រីរាជការ និងបានចុះទស្សនកិច្ចតាមបណ្តាទីតាំង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលទទួលបានជ័យលាភីលេខ២ ក្នុងឆ្នាំ២០២៣។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបន្តថា អ្វីដែលជាការកត់សម្គាល់នៅក្នុងបេសកកម្ម ចេញពីជំនួបទាំងនេះ គឺការសង្កេតលើស្មារតីសហការគ្នា និងគាំទ្រគ្នាទៅវិញទៅមក រវាងតួអង្គដឹកនាំអង្គភាពនីមួយៗ និងមន្ត្រីរាជការដែលជាប្រតិបត្តិករទាំងអស់ រួមទាំងការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចគោលដៅរួម។ គោលដៅនោះ គឺជាការទទួលបានការសាទរ និងការគាំទ្រពីប្រជាពលរដ្ឋ ហើយដែលអាចឈានដល់ការទទួលស្គាល់ជាផ្លូវការពីសំណាក់រាជរដ្ឋាភិបាល។

ឯកឧត្ដមបន្តទៀតថា ជាការពិត ភាពជោគជ័យនៃការងារនីមួយៗ ទាមទារឱ្យមានភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា រួមទាំងកត្តាគួបផ្សំដទៃទៀត។ ប៉ុន្តែ កត្តាដែលខ្ញុំគិតថាជាគន្លឹះជំរុញសំទុះនៃភាពជោគជ័យលើការងារនោះ គឺកត្តាមនុស្ស។ កត្តាមនុស្សក្នុងករណីនេះ គឺជាមន្ត្រីរាជការរបស់យើងក្នុងនាមជាប្រតិបត្តិករ ដែលមានទឹកចិត្ត ឆន្ទៈ និងការលះបង់ខ្ពស់ ក្នុងស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង។ ខ្ញុំសូមយកឱកាសនេះ វាយតម្លៃខ្ពស់ និងសូមកោតសរសើរ ព្រមទាំងលើកទឹកចិត្តឱ្យបន្តភាពជាគំរូនេះសម្រាប់អង្គភាពផ្សេងៗទៀត និងសូមបន្តឧត្តមភាពនៃមន្ត្រីរាជការនេះ ដើម្បីសហគមន៍យើង និងប្រទេសជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង