ក្រុមប៉ូលិសមហាផ្ទៃបង្ក្រាបបានជនសង្ស័យដែលឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានហើយ ជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធធានាគារជាច្រេីនដង
ភ្នំពេញ៖ នៅវេលាម៉ោង១៣៖៥០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនបានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដោយបានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមនចុះធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្តុបស្ថានទូតវៀតណាម ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្ទះលេខ១៤ ផ្លូវលេខ៤២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ។
ប្រភពបន្តថា ជនសង្ស័យទី១៖ ឈ្មោះ សាត សុរតនា ហៅ ឆ្មា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាជនដៃដល់ និងជនសង្ស័យទី២៖ឈ្មោះ មាស ភារម្យ ហៅ ពកក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញជាអ្នកបិទគូទ។
ប្រភពបន្តទៀតថា ពួគគេបានធ្វេីសកម្មភាពវេលាម៉ោង១១៖៤៥នាទី ដោយឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងដេីរបានសម្រេច នៅចំណុចផ្លូវលេខ៣៥០កែងផ្លូវលេខ៣៦៨ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
ក្រោយបញ្ចប់ការសួរនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕