បង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាលួចគាស់ទម្លុះទម្លាយលួយទ្រព្យសម្បត្តិ
បាត់ដំបង៖ កាលពីវេលាម៉ោង០៩៖១០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំង ជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋផ្លូវមាស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ឈ្មោះ លី វណ្ណី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសេកសក ឃុំផ្លូវមាស ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង និងឈ្មោះ ឆែម តុលា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។
គួរជម្រាបថាមូលហេតុដែលនាំខ្លួនមកនេះ គឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡាក់ ប៊ុនគាភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មុខរបរ អ្នកគ្រប់គ្រងអាហារដ្ឋានសេកសក បានប្តឹងចូលមកសមត្ថកិច្ចនគរបាលអំពីករណីជនសង័្សយលួចគាស់ទម្លុះទម្លាយ នៅទីតាំងរបស់គាត់ហើយលួចយកទ្រព្យសម្បត្តិនៅក្នុងនោះអស់ចំនួន០៣លើកមកហើយដែលក្នុងពាក្យបណ្តឹង សូមស្នើដល់ សមត្ថកិច្ចនគរបាលជួយស្រាវជ្រាវរកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចធ្វើការស្រាវជ្រាវពីទីកន្លែងកើតហេតុដំបូង រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៤តែម្តងហើយនៅចំពោះមុខសមត្ថកិច្ចរូបគេទាំងពីរនាក់បានឆ្លើយសារភាពថាគេពិតជាបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលលួចយកទ្រព្យសម្បត្តិនៅទីនោះចំនួន០៣លើក ពិតប្រាដកមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕