កាប់គេស្លាប់នៅកន្លែងហាត់ប្រាណមាត់បឹងកន្សែង រួចរត់គេចខ្លួនបានរយៈពេល៦ថ្ងៃ ត្រូវបានកម្លាំងPMខេត្តរតនគិរីបង្ក្រាបបាន២នាក់ហើយ

រតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីបានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនល្មើសបានចំនួន២នាក់ ក្រោយកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២២៖៣០នាទី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចកន្លែងហាត់ប្រាណមាត់បឹងកន្សែង ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង បន្ទាប់ពីរត់គេចខ្លួនបានរយៈពេល៦ថ្ងៃ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។

ក្រោយទទួលបានបទបញ្ជាភ្លាម លោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តរតនគិរី បានដឹកនាំបញ្ជាផ្ទាល់រហូតតាមចាប់ជនល្មើសទាំង២នាក់តែម្តង។

ក្នុងកិច្ចប្រតិបត្តិការរយៈពេល៦ថ្ងៃនេះ កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្តខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង បានសហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តព្រៃវែងផងដែរ។

បើតាមរបាយការណ៍របស់អាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ប្រ៉ាង ផាលីន ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី (ស្លាប់) និងឈ្មោះ សាវុធ ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឃុំខាងលើ (របួសធ្ងន់)។

ក្រោយធ្វើការសួរនាំ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញបានពន្លាតដែនសមត្ថកិច្ចពីកន្លែងកើតហេតុដល់រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង ទើបចាប់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖ ទី១៖ ឈ្មោះ រិត សុខ អាយុ១៩ឆ្នាំ ទីលំនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី (ជាជនដៃដល់) និងទី២៖ ឈ្មោះ វ៉ាក់ សុខលី អាយុ១៩ឆ្នាំ (ជាអ្នកដឹកជនដៃដល់)។

ការចាប់ជនល្មើសទាំង២នាក់ បានធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖២២នាទី ស្ថិតនៅលើផ្លូវជាតិលេខ៨ ក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ រិត សុខ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បាននាំជនសង្ស័យទៅយកវត្ថុតាងលាក់ទុក (កាំបិតផ្គាក់) នៅចំណុចដីក្រុមហ៊ុនប៉ាស៊ីហ្វិក ក្នុងភូមិឡយ៉ ឃុំឡយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជាលទ្ធផលកម្លាំងបានចាប់យកវត្ថុតាង កាំបិតផ្គាក់ប្រវែង៦០.២សង់ទីម៉ែត្រចំនួន១។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងចាប់យករួមមាន៖ កាំបិតផ្គាក់ចំនួន១, ទូរស័ព្ទ Iphone ចំនួន ២គ្រឿង, ម៉ូតូ C១២៥ ចំនួន ២គ្រឿង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង