មេPMខេត្តកណ្ដាលបញ្ជាឲ្យក្រុមជំនាញចុះចាប់ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីកត់ឆ្នោតវៀតណាមខុសច្បាប់យកទៅដាក់ពន្ធនាគារ
កណ្ដាល៖ ក្រុមកងរាជអាវុធហត្ថខេត្តកណ្តាលកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤បានចុះឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់ គឺកត់ឆ្នោតវៀតណាម ស្ថិតនៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។
ប្រភពបានបន្តថា ការចុះចាប់ឃាត់ខ្លួនស្ត្រីខាងលើនេះ ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុងតាខ្មៅបានចុះដល់កន្លែងជាក់ស្តែង រួចធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ភេទស្រី យកមកអង្គភាពដើម្បីសាកសួរ។
ប្រភពបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ ក្រុមជំនាញកងរាជអាវុធហត្ថបានដកហូតវត្ថុតាងមាន៖ ទូរសព្ទ ០១គ្រឿង, សៀវភៅកត់កន្ទុយលេខ ០១ក្បាល, ផូយកត់កន្ទុយលេខ ០១សន្លឹក, ប៊ិច ០១ដើម, ប្រាក់រៀលមួយចំនួន។
ប្រភពបន្ថែមថា ពាក់ព័ន្ធករណីខាងលើនេះ ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ដោយបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាលបញ្ជូនដាក់ពន្ធនាគារខេត្តកណ្ដាលហើយ៕