សាលាឆទានតម្លៃ២០០០០ដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាសម្បត្តិសាធារណៈ នៅឃុំត្រពាំងក្រសាំង ស្រុកបាទី

តាកែវ៖ ឯកឧត្តម អុិន ណាង និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ កូនចៅ ឧបាសក អោ អុិន និងឧបាសិកា ឡុច ភិន បានបរិច្ចាគដីជាង២០០០ម៉ែត្រការ៉េ និងចំណាយថវិកាប្រមាណជា២០,០០០ដុល្លារដើម្បីកសាងសាលាបុណ្យថ្មី១ខ្នង នៅស្រុកកំណើត ស្ថិតក្នុងភូមិត្រពាំងចំការ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ និងបានដាក់សម្ពោធជាផ្លូវការឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្រោមអធិបតីភាព ឯកឧត្តម គង់ ចាន់ណា, ឯកឧត្តម អុិន ណាង, ឯកឧត្តម ថាំង ប៊ុនសុង, និង លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារគណបក្សប្រជាជន និងថ្នាក់ជាតិចុះមូលដ្ឋានឃុំត្រពាំងក្រសាំង នាព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម អុិន ណាង ទីប្រឹក្សារាជរដ្ឋាភិបាលបានរំលឹកពីប្រវត្តិនៃការកកើតសាលាឆទាន ដែលជាកន្លែងសក្ការៈបូជា និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ព្រមទាំង សូមឧទ្ទិសកុសលជូនអ្នកមានគុណរបស់ឯកឧត្តមនិងអ្នកផ្តើមបុណ្យទាំងអស់។

ឯកឧត្តមបានលើកឡើងដែរថា ការអភិវឌ្ឍន៍រីកចម្រើនក្នុងសង្គម និងសុខសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាប្រកបដោយក្តីសង្ឃឹម។

ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវឱ្យលោកយាយតា បងប្អូនប្រជាពលរដ្ឋចូលរួមការពារសន្តិភាព និងបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា គំាទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

ទន្ទឹមនោះ ឯកឧត្តម គង់ ចាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលបានថ្លែងកោតសរសើរ ឯកឧត្តម អ៊ិន ណាង និងក្រុមគ្រួសារ ដែលបានលះបង់ បរិច្ចាគទាំងដីនិងថវិកា រួមគ្នាកសាងសាលាបុណ្យដ៏ល្អ ហើយរៀបចំពីធីសម្ពោធយ៉ាងឱឡារិក ព្រមទាំងបានរៀបចំអាហារ ផ្តល់អំណោយជាថវិកានិងសម្ភារប្រើប្រាស់ដល់អ្នកចូលរួមទាំងអស់ប្រមាណ៥០០នាក់។ ឯកឧត្តមក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានគូសបញ្ជាក់ពីការអភិវឌ្ឍន៍រីកចម្រើន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

គួរជម្រាបជូនថា គណៈអធិបតីបានជួយឧបត្ថម្ភដល់អ្នកដែលបានអញ្ជើញចូលរួមប្រមាណជា៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០០០០រៀលនិងសារ៉ុង១, ប្រជាការពារទទួលបានថវិកាចំនួន២០០០០រៀលក្នុងម្នាក់ៗសរុបថវិកាអស់ចំនួន៨លានរៀល៕

អត្ថបទដែលជាប់ទាក់ទង