ពលរដ្ឋជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរត្រូវបានក្រុមការងារពិនិត្យនិងតាមដានការសាងសង់ចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសសំណង់ក្រោយទទួលបានការអនុញ្ញាត២៣២ករណី

សៀមរាប៖ នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ចំនួន ១៥៣ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។

ប្រភពបានបន្តថា ចំពោះករណីខាងលើនេះ ស្ថិតក្នុងភូមិសាស្ត្រ៖ ១៖ ក្រុងសៀមរាប ចំនួន៦៧ករណី  ២៖ ស្រុកប្រាសាទបាគង ចំនួន៣៤ករណី  ៣៖ ស្រុកបន្ទាយស្រី ចំនួន៣៦ករណី  ៤៖ ស្រុកពួក ចំនួន៥៨ករណី ៥៖ ស្រុកអង្គរធំ ចំនួន៣៧ករណី។

ប្រភពបន្តទៀតថា នៅក្នុងចំណោម២៣២ករណី មាន១៥៥ករណីសាងសង់ និងជួសជុលត្រឹមត្រូវ តាមការអនុញ្ញាត មាន៧៦ករណី មិនទាន់សាងសង់ និងជួសជុលនៅឡើយ និងមាន០១ករណី សាងសង់ និងជួសជុលពុំត្រឹមត្រូវតាមការអនុញ្ញាត។

ប្រភពដដែលបានអះអាងថា ករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត ក្រុមការងារបានសម្របសម្រួលឱ្យពួកគាត់កែប្រែឡើងវិញ ឬត្រូវបញ្ឈប់ការសាងសង់តែម្ដង។ ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាងសង់ និងជួសជុលរហូតដល់ការអនុញ្ញាតផុតសុពលភាព និងការសាងសង់រួចរាល់មួយរយភាគរយ។

គួរជម្រាបថា ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ ដែលជាអ្នកស្រុកចាស់ ត្រូវទទួលបានការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ ដែលមានសុពលភាព០១ឆ្នាំ និងការងារជួសជុលតូចតាច(ដោយក្រុមការងារសហគមន៍)មានសុពលភាពរយៈពេល ០៣ខែ។ រាល់សំណង់នានា ដែលនៅមានសុពលភាពត្រូវបាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃជាប្រចាំរហូតសំណង់ទាំងនោះសង់រួចរាល់មួយរយភាគរយ៕

អត្ថបទដែលជាប់ទាក់ទង