រដ្ឋបាលខេត្តក្រចេះអះអាងថា ការបង្ហោះសារវីដេអូរបស់គណនីហ្វេសប៊ុកឈ្មោះ ស៊ឹង ករុណា គឺជាការបំភាន់សាធារណៈមតិ ប្រឌិតរឿង ឡើងក្នុងគោលបំណងញុះញង់ អុចអាលធ្វើឱ្យមានការយល់ច្រឡំ
ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះអះអាងថា «ការបង្ហោះសារវីដេអូរបស់គណនីហ្វេសប៊ុកឈ្មោះ ស៊ឹង ករុណា គឺជាការបំភាន់សាធារណៈមតិ ប្រឌិតរឿង ឡើងក្នុងគោលបំណងញុះញង់ អុជអាល ដើម្បីធ្វើឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំមកលើការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ស្រុក ផ្នែកជំនាញ និងក្រុមហ៊ុន ដែលកំពុងខិតខំយកចិត្តទុកដាក់ដោះស្រាយ»។
ការអះអាងរបស់រដ្ឋបាលខេត្តក្រចេះ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស៊ឹង ករុណា បានបង្ហោះសារវីដេអូ «ស្នើសុំអន្តរាគមន៍ សម្តេចពុក សម្តេច ហ៊ុន ម៉ាណែត ដើម្បីជួយដោះស្រាយបញ្ហាក្រុមហ៊ុនកាម៉ាដេនូ បានឈូសឆាយយកដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ»។នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤នេះ។
រដ្ឋបាលខេត្តក្រចេះក៏បានបំភ្លឺថា«ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល និងចុះបញ្ជី ជាដីឯកជនរបស់រដ្ឋនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ មានផ្ទៃដីសរុប ៧.៤៥០ហិកតា (ជាផ្ទៃដីចុងក្រោយពីការកាត់ ឆ្វៀលផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ)ដោយក្រុមហ៊ុនបានធ្វើការឈូសឆាយដាំដុះដំណាំអំពៅ។ កន្លងមកទីតាំងដី ក្រុមហ៊ុននេះ តែងមានប្រជាពលរដ្ឋចូលទន្ទ្រាន កាន់កាប់ ដាំដុះដំណាំ និងសង់រោង ខ្ទមលើដីក្រុមហ៊ុនដែលបានឈូសឆាយហើយមិនទាន់ធ្វើការដាំដុះ និងត្រូវបានអាជ្ញាធរខេត្ត ស្រុក និងផ្នែកជំនាញសម្របសម្រួល និងដោះស្រាយ ជាបន្តបន្ទាប់»។
ប្រភពបន្តថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរស្រុក និងផ្នែកជំនាញ និងតំណាងក្រុមហ៊ុនបានចុះជួបជាមួយប្រជាពលរដ្ឋចូលទន្ទ្រាន និងកាន់កាប់តាមក្រវ៉ាត់ព្រំក្នុងដីក្រុមហ៊ុនដែលបានចុះបញ្ជី និងឈូសឆាយរួច ដោយបានធ្វើការសម្របសម្រួល និងណែនាំដល់ប្រជាពលរដ្ឋ ហើយពួកគាត់បានឯកភាពទទួលយកនូវដំណោះស្រាយ អនុញ្ញាតឱ្យក្រុមហ៊ុនកាយក្រវ៉ាត់ព្រំដី ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ និងមានប្រជាពលរដ្ឋយល់ព្រមចាកចេញចំនួន១៦គ្រួសារ។
ដោយឡែកចំពោះឈ្មោះ ស៊ឹង ករុណា (ហៅពៅ) ដែលបានបង្ហោះសារវីដេអូ កន្លងមកធ្លាប់បានចូលទន្ទ្រាន និងកាន់កាប់យកដីក្នុងក្រុមហ៊ុននៅឆ្នាំ២០២២ ហើយត្រូវបានអាជ្ញាធរខេត្ត ស្រុក និងផ្នែកជំនាញបានចុះសម្របសម្រួលម្តងរួចមកហើយ ដោយឈ្មោះ ស៊ឹង ករុណា (ហៅពៅ) ឯកភាពចាកចេញពីទីតាំងដី ដែលបានកាប់ទន្ទ្រាន និងប្រគល់ដីជូនក្រុមហ៊ុនវិញដោយគ្មានលក្ខខណ្ឌ៕