ឈាមស្រែក ស្បែកហៅ! នៅទីបំផុត ក្រុមប៉ូលិសខេត្តកណ្ដាលតាមចាប់ឃាតករបានដល់ស្រុកវាលវែងខេត្តពោធិ៍សាត់!

កណ្ដាល៖ ទោះបីជាមានស្លាបក៏ហោះហើរមិនផុតពីកណ្ដាប់ដៃរបស់កម្លាំងនគរបាលខេត្តកណ្ដាលដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តដែរ។

នៅទីបំផត កម្លាំងជំនាញក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានបើកប្រតិបត្តិការក្ដៅគគុកតាមស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់កំណត់មុខសញ្ញាចាប់ឃាត់ខ្លួនដែលជនសង្ស័យជាឃាតករបានព្យាយាមរត់គេចខ្លួនពីស្រុកស្អាងនៃខេត្តកណ្ដាលដល់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅមុននេះបន្តិច។

គួរបញ្ជាក់ថា ស្រ្តីម្នាក់បានទៅទារលុយថ្លៃឈ្នួលថ្លៃពលកម្មរបស់ប្តីដែលធ្វើការឱ្យជនសង្ស័យចំនួន៣៦ម៉ឺនរៀល ដោយទាក់ពាក្យសម្តីគ្នាជាមួយជនសង្ស័យ ស្ត្រីរងគ្រោះក៏យកទូរស័ព្ទមកថតLives ក៏ត្រូវបានជនសង្ស័យទាញកាំបិតផ្គាក់កាប់សម្លាប់ស្តែងៗ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅនឹងកន្លែង។

ករណីឃាតកម្មដ៏រន្ធតនេះ បានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នៅវេលាម៉ោង១៧៖៣៥នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ហាន មី ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ដោយឡែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំ ត្រើយស្លា ស្រុកស្អាងខេត្ត កណ្តាល មានមុខរបរ ជាងដែក។

នៅកន្លែងកើតហេតុសមត្ថកិច្ចបានប្រមូលវត្ថុតាងមាន៖ កាំបិតផ្គាក់១ ផ្លែដែកដងឈើ មានប្រវែង៦៦ស.ម។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះបានទៅផ្ទះជនសង្សយ័ដើម្បីទារលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការងារជាងដែកជាមួយជនសង្ស័យចំនួន៣៦មុឺនរៀល នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុឈ្មោះ ឈ្មោះ ហាន មី ជាជនរងគ្រោះ បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦មុឺន។ ជនសង្ស័យឆ្លើយថា មិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យក៏បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលឲ្យស្លាប់តែម្តង។

រួចជនសង្ស័យបានជិះម៉ូតូគប់ជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកស្អាងស្រាវជ្រាវស្វែងរកជនសង្សយ័ដើម្បីចាត់ការតាមនីតិវិធី។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលក៏បានដាក់បទបញ្ជាភ្លាមៗឲ្យកម្លាំងជំនាញបើកប្រតិបត្តិការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនឃាតករយមកផ្ដន្ទាទោសបាន៕

អត្ថបទដែលជាប់ទាក់ទង