នៅទីបំផុត, ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ ធី សុផាត នៅមណ្ឌលអប់រំកែប្រែទី១ (ម១)

ភ្នំពេញ៖ នៅទីបំផុត, លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នឈ្មោះ ធី សុផាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មុខរបរសន្តិសុខ កម្រិតវប្បធម៌ថ្នាក់ទី០៦ថ្មី ទីកន្លែងកំណើតនៅភូមិប៉ាណា ឃុំសុទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅមណ្ឌលអប់រំកែប្រែទី១ (ម១) ក្រោមការពិនិត្យពីបទ អំពើលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចការដ្ឋានសំណង់បុរីសម្បត្តិមានហេង ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី បទល្មើសដែលប្បញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន។

គួររំលឹកថា កម្លាំងនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងក្នុងគ្រឿងចក្រចំនួន០៧គ្រឿងនៅចំណុចការដ្ឋានបុរីសម្បត្តិមានហេង នៅចំណុចផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ធី សុផាត ភេទប្រុស អាយុ២៣ឆ្នាំនៅ ភូមិព្រែកតាពៅ ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងគ្រឿងចក្រចំនួន០៧គ្រឿង មានប្រវែង២១ម៉ែត្រ ស្មើនឹង០២គីឡូក្រាមដោយវះចេញជាស្ពាន់យកទៅលក់ឲ្យអេតចាយ។

បើតាមលោក យ៉ែម ធារ៉ា អ្នកគ្រប់គ្រងនៅការដ្ឋានបុរីសម្បត្តិមានហេងបានឲ្យដឹងបន្តថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៨៖ ១០នាទី មុនដំបូងលោកបានកំពុងដើរល្បាតមើលគ្រឿងចក្រគ្រប់ប្រភេទនៅក្នុងការដ្ឋានបុរីសម្បត្តិមានហេង នៅចំណុចផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី នៅពេលដែលកំពុងដើរល្បាតមើលគ្រឿងចក្រក្នុងបុរីសម្បត្តិមានហេង ក៏ឃើញមានជនសង្ស័យម្នាក់ឈ្មោះ ធី សុផាត ភេទប្រុសបានធ្វើសកម្មភាពយកកន្ត្រៃកាត់ខ្សែភ្លើងទៅកាត់ខ្សែភ្លើងពីគ្រឿងចក្រចំនួន០៧គ្រឿង ដែលមានប្រវែង២១ម៉ែត្រ ស្មើនឹង២គីឡូក្រាមដោយវះចេញជាស្ពាន់។ ភ្លាមៗនោះលោកក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួចក៏បានបញ្ជូនជនសង្ស័យខាងលើមកប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមផ្លូវច្បាប់និងដាក់ពាក្យបណ្ដឹងតែម្ដង។

តាមប្រភពពីអ្នកគ្រប់គ្រងរូបបានអះអាងថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងគ្រឿងចក្រសរុបចំនួន២៧គ្រឿង។ លោកបន្តថា សន្តិសុខជាជនសង្ស័យរូបនេះ ទើបតែបានមកធ្វើការងារជាសន្តិសុខនៅក្នុងការដ្ឋានបុរីសម្បត្តិមានហេងទើបតែបានជិត១ឆ្នាំប៉ុណ្ណោះ។ ប្រភពបន្តថា ជនសង្ស័យជាអ្នកប្រើប្រាស់ថ្នាំញៀន។

បច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ធី សុផាត ត្រូវបានលោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១)៕

 

 

អត្ថបទដែលជាប់ទាក់ទង