ក្រុមប៉ូលិសចរាចរណ៍ផ្លូវគោកខេត្តរតនគិរីបានឃាត់ខ្លួនចាងហ្វាងកាសែត «រាជសីហ៍ឦសាន» និងបានប្រគល់ឲ្យជំនាញព្រហ្មទណ្ឌកម្រិតស្រាលពាក់ពន្ធ័ករណីប្រើប្រាស់ឯកសារក្លែងក្លាយ

រតនគិរី៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីកាលពីវេលាម៉ោង១៥៖៣០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤បានប្រគល់ជនសង្ស័យម្នាក់ឲ្យមក កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល ដែលពាក់ពន្ធ័ករណីប្រើប្រាស់ឯកសារក្លែងក្លាយ គឺប្រើប្រាស់ស្លាកលេខក្លែងក្លាយ។ដោយប្រតិបត្តិការខាងលើនេះ បានដឹកនាំបញ្ជាដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តរតនគិរី។

បើតាមប្រភពបានឲ្យដឹងថា កាលពីវេលាម៉ោង៩៖៥០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឃាត់សួរនាំរថយន្តមួយគ្រឿង ម៉ាក នីសាន់ម៉ាច ពាក់ស្លាកលេខ 2BB-1064 ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ឆ្នាំផលិត១៩៩៩ នៅចំណុចកែងមន្ទីរហិរញ្ញវត្ថុដែលស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដើម្បីសួរនាំរឿងឯកសាររថយន្ត។ លុះដល់ម៉ោង១៥ ៖៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រគល់ជនសង្ស័យ និងស្លាកលេខរថយន្តចំនួន២សន្លឹក មកឲ្យការិយាល័យជំនាញដើម្បីស្រាវជ្រាវបន្ត។

ប្រភពបន្តថា ជនសង្ស័យមានឈ្មោះ សុង គីមហេង អាយុ៤២ឆ្នាំ មុខរបរចាងហ្វាងកាសែត «រាជសីឦសាន» រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

វត្ថុតាងដកហូតរួមមាន៖ រថយន្ត១គ្រឿង ម៉ាក នីសាន់ម៉ាច , ស្លាកលេខ 2A-2653 កណ្តាល ចំនួន២សន្លឹក, ទូរសព្ទ័ដៃចំនួន ១គ្រឿង ម៉ាក Samsung Galaxy s23 ពណ៌ ផ្កាឈូក។

ក្រោយពីការសួរនាំរួចមក សមត្ថកិច្ចបានដកហូតរថយន្ត១គ្រឿងទៀត ម៉ាក ហុងដាវិត ពណ៌ ទឹកសមុទ្រ គ្មានស្លាកលេខ ឆ្នាំផលិត ២០០១ នៅចំណុចយានដ្ឋានរបស់ឈ្មោះ ឌីណា ដែលស្ថិតនៅភូមិ៤ សង្កាត់កាចាញ ក្រុង បានលុង ខេត្តរតនគិរី។

បច្ចុប្បន្នជនសង្ស័យ និងទាំងរថយន្ត២គ្រឿងខាងលើ ត្រូវបានឃាត់ខ្លួន ជាបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង