លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បាន​ដាក់​ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី​បន្ដផ្ដល់អាទិភាពខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អង្គការ-សមាគម ក្រុមហ៊ុន ធានាគារ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជារៀងរាល់​ឆ្នាំជូនដល់ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផ្ទាល់ សម្រាប់បែងចែកទៅដល់សិស្ស-និស្សិតក្រីក្រឱ្យទទួលបានការអប់រំចំណេះដឹង និងឱកាសបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ទៅមុខទៀត។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន​ដាក់​ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី​កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ដផ្ដល់អាទិភាពខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយហេតុថា មូលធនមនុស្សដែលមានគុណភាព និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងជវភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​ប្រកបដោយ បរិយាបន្ន និងភាពធន់»។

លោកជំទាវបន្តថា ក្នុងបរិបទនេះ​ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្ស-និសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកជំទាវស្ត្រីទី១របស់កម្ពុជាបានបន្តទៀតថា ទន្ទឹមនឹងនេះ ការចូលរួមរបស់គ្រឹះស្ថានសិក្សា ក៏ដូចជា អង្គការ-សមាគម ក្រុមហ៊ុន ធនាគារ និងសប្បុរសជនទាំងអស់ ពិតជាបានជួយពង្រីកនូវវិសាលភាព និងលទ្ធភាពនៃការផ្តល់អាហារូបករណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត សំដៅរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយសក្តានុពល ចំណេះដឹង ជំនាញ អាកប្បកិរិយា សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។

លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធាន ក្នុងការចូលរួមចំណែក និងបំពេញតួនាទីប្រកបដោយភាពប៉ិនប្រសប់ សស្រាក់សស្រះ និងភាពបុរេសកម្ម  ដើម្បីបុព្វហេតុដ៏ថ្លៃថ្លាឧត្តុង្គឧត្តមជូនជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង