ក្មេងប្រុសម្នាក់ខណៈដើរកផ្សិតប៉ក់ក្នុងព្រៃត្រូវបានសត្វដំរីវាត់និងតប់ជាមួយប្រមោយរបស់វាបណ្តាលឱ្យរងរបួសធ្ងន់
ព្រះវិហារ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស២នាក់ ត្រូវបានសត្វដំរីព្រៃមួយក្បាលវាត់និងតប់ជាមួយនឹងប្រមោយរបស់វាបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ខណៈកំពុងចូលព្រៃរកផ្សិតប៉ក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។
បើតាមប្រភពបានឲ្យដឹងកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ភី លីស អាយុ២១ឆ្នាំ រស់នៅភូមិបុស្ស ឃុំប្រមេ ស្រុកត្បែងមានជ័យ។ មុនពេលកើតហេតុព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក្មេងប្រសរងគ្រោះ និងក្មេងប្រុសម្នាក់ទៀតបានធ្វើដំណើរចូលព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកា ដើម្បីរកផ្សិតប៉ក់ ដើរបានប្រហែល៥គីឡូម៉ែត្រពីភូមិ ក៏ជួបនឹងសត្វដំរីឈ្មូល១ក្បាល ភ្លាមនោះសត្វដំរីក៏ដើរចូលមករកពួកគេ ឃើញដូច្នេះពួកគេទាំង២នាក់បានរត់គេចចេញ ចៃដន្យក្មេងប្រុសរងគ្រោះបានរអិលជើងដួល ក៏ត្រូវសត្វដំរីវាត់ និងតប់នឹងប្រមោយរបស់វា បណ្តាលឱ្យរងរបួសធ្ងន់ រួចហើយសត្វដំរីនោះក៏ដើរចេញទៅ។
ក្រោយហេតុការណ៍កើតឡើង ក្មេងប្រុសដែលរួមដំណើរជាមួយក្មេងប្រុសរងគ្រោះ ក៏បានដើរចូលទៅជួយគ្រាជនរងគ្រោះយកមកភូមិវិញ និងបានរាយកាណ៍មកសមត្ថកិច្ច អាជ្ញាធរដែនដី ហើយត្រូវអាជ្ញាធរបញ្ជូនទៅធ្វើការសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។
បើតាមប្រភពដែលគេដកស្រង់សម្ដីក្មេងប្រុសដែលទៅជាមួយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា ក្នុងហេតុការណ៍ដែលសត្វដំរីវាត់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសនោះ បើសិនជាសត្វដំរីជាន់ថែមទៀត ជនរងគ្រោះអាចនឹងស្លាប់បាត់បង់ជីវិតក៏ថាបាន។
អាជ្ញាធរមូលដ្ឋានសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរកមុខរបរដើរបេះផល្លានុផលនៅក្នុងព្រៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ការពារខ្លួនពីសត្វកាចសាហាវផ្សេងៗ ជាពិសេសមិនត្រូវដើរចូលព្រៃជ្រៅៗតែម្នាក់ឯងនោះទេ។
ពាក់ព័ន្ធហេតុការណ៍ខាងលើនេះ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នឹងចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយយកទៅប្រគល់ជូនក្មេងប្រុសរងគ្រោះ នៅឯមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារនៅថ្ងៃស្អែកនេះផងដែរ៕