អង្គភាពព័ត៌មាន The Mirror News សូមធ្វើការសុំទោសជូនឯកឧត្តមអភិបាលខេត្តកណ្តាល ជាសាធារណៈ ចំពោះការចុះផ្សាយព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសនិងសេចក្ដីថ្លៃថ្នូររបស់ឯកឧត្តមនិងធ្វើឱ្យមានការភាន់ច្រឡំ
កណ្ដាល៖ បន្ទាប់ពីអង្គភាពព័ត៌មាន The Mirror News កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការចុះផ្សាយថា «ស្រ្តីម្នាក់ជាថៅកែហាងភ្នំពេញ៨៨ នៅទល់មុខវត្តចាក់អង្រែក្រោម និងជាអ្នករៀបចំបាយទឹកព្រឹកថ្ងៃល្ងាចឲ្យចៅហ្វាយខេត្តកណ្ដាលនឹងក្លាយជាសមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល ហើយលោកស្រី ខូវ សោភ័ណ ជានរណា មកពីណា ទើបនឹងអាចមកធ្វើជាអភិបាលរងខេត្តកណ្ដាល ខណៈមន្ត្រីក្នុងខេត្តគគោកអសមត្ថភាពឬយ៉ាងណា ទើបមិនតែងតាំង?» ដែលបណ្ដាញសារព័ត៌មានយើងខ្ញុំទទួលបានប្រភពព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។
ក្រោយពីអង្គភាពព័ត៌មាន The Mirror News ទទួលបានប្រភពព័ត៌មានច្បាស់ការពីរដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន The Mirror News ពិតជាមានការសោកស្ដាយ និងសូមធ្វើការសុំទោសជូនឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជាសាធារណៈ និងសូមធ្វើការសុំទោសដល់អ្នកប្រើប្រាស់បណ្ដាញសង្គមចំពោះការចុះផ្សាយនូវព័ត៌មានខាងលើដែលបានធ្វើឱ្យមានការប៉ះពាល់ដល់កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ឯកឧត្តមអភិបាលខេត្តកណ្តាល និងធ្វើឱ្យមានការភាន់ច្រឡំពីសាធារណមតិ និងអាចបង្កភាពច្របូកច្របល់នៅមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
បើតាមប្រភពខាងលើ អង្គភាពព័ត៌មាន The Mirror News បានបញ្ជាក់ថា តាមពិតការស្នើសុំតែងតាំងបេក្ខភាពខាងលើគឺបានទទួលការប្រជុំពិនិត្យ វាយតម្លៃ តាមនីតិវិធីរដ្ឋបាល ដោយមិនបានគិតគូរពីខ្សែស្រឡាយនរណាឡើយ គឺគិតពីលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ការងារ សមត្ថភាព និងគុណធម៌វិជ្ជាជីវៈ។
អាស្រ័យហេតុនេះ សូមឯកឧត្តមអភិបាលខេត្តកណ្តាល សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាអភ័យទោស និងលើកលែងទោសរាល់កំហុសខុសឆ្គងដោយអចេតនាដោយប្រការណាមួយចំពោះការចុះផ្សាយរបស់អង្គភាពព័ត៌មានយើងខ្ញុំខាងលើ ដោយសេចក្ដីអនុគ្រោះបំផុត៕