រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ នៅក្នុងបរិបទទំនើប ព័ត៌មានគឺមានភាពទន់ ប្រៀបបានទៅនិងដីឥដ្ឋ ហើយការផ្សាយព័ត៌មានគឺមិនអាចគ្រប់គ្រងបានទាំងអស់នោះទេ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «នៅក្នុងបរិបទទំនើប ព័ត៌មានគឺមានភាពទន់ ប្រៀបបានទៅនិងដីឥដ្ឋ ហើយការផ្សាយព័ត៌មានគឺមិនអាចគ្រប់គ្រងបានទាំងអស់នោះទេ។ ដូច្នេះហើយទើបក្រសួងព័ត៌មានបានដាក់ចុះនូវយុទ្ធសាស្រ្តសន្តិសុខព័ត៌មានដោយបានបង្កើតនូវគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន»

ការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» រៀបចំឡើងដោយ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាសាលព្រះវិហារទីស្តីការក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មានចំនួន៥០រូប អញ្ជើញចូលរួម ។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព សមាគមសារព័ត៌មានទាំងអស់ បន្តពង្រឹងការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សាទំនុកចិត្តរបស់ប្រជាជន និងសង្គមជាតិទាំងមូលមកលើវិស័យព័ត៌មានកម្ពុជា។

ឯកឧត្តមបានថ្លែងថា ការរៀបចំជាវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» នេះឡើង ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួន អោយមានការគោរព និងអនុវត្តក្រមសីលធម៌ ដែលជាកាតព្វកិច្ចផ្សារភ្ជាប់ជាមួយសិទ្ធិក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានយកចិត្តទុកដាក់ក្នុងពង្រឹងគុណភាពសារព័ត៌មាន ព្រោះថា បរិបទក្នុងការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយពីបុរាណ មកប្រពន្ធ័ផ្សព្វផ្សាយទំនើប ហាក់បីដូចជាមិនទាន់មានគ្រឹះរឹងមាំមួយដែលធ្វើឲ្យលេចឡើងនូវបាតុភាពជាច្រើននៅក្នុងការអនុវត្តមុខងារសារព័ត៌មាន នាសម័យប្រពន្ធ័ផ្សព្វផ្សាយទំនើប៖ Facebook ,TikTok, WhatsApp ,Messenger ,Telegram ជាដើម។ ឯកឧត្ដមបន្តថាប្រជាពលរដ្ឋលែងចំណាយពេលអង្គុយមើលទូរទស្សន៍ ស្តាប់វិទ្យុ ឬអានកាសែត ទស្សនាវដ្តីទៀតហើយ ដោយងាកមកមើលទូរសព្ទ័ដៃវិញ ដោយអ្នកខ្លះបានចំណាយពេលមើលក្នុងមួយថ្ងៃរហូតដល់ជាង១០ម៉ោងក៏មានដែរ។ ប្រព័ន្ធផ្សព្វផ្សាយទំនើបដែលមានការកើតឡើងយ៉ាងឆាប់រហ័សនេះ គឺមាន «ដំណឹង» និង«ព័ត៌មាន» ជាច្រើនត្រូវបានដាក់បញ្ជូលទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យមានភាពច្របូកច្របល់។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ពិសេសសារព័ត៌មានអនឡាញ ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារនៃអត្ថបទដែលមានគុណភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។

បើតាមរបាយការណ៍របស់ ឯកឧត្តម ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកការងារបណ្តុះបណ្តាលបានគូសបញ្ជាក់ថា «វគ្គបណ្តុះបណ្តាល» នាឱកាសនេះ សម្រាប់ផ្តល់ជូនដល់អ្នកសារព័ត៌មានឯកជនដែលមានបំណងបំពេញចំណេះ និងជំនាញរបស់ខ្លួនដែលតម្រូវឲ្យដើរលើមាគ៌ាត្រឹមត្រូវតាម បទដ្ឋានដែលត្រឹមត្រូវមួយដែលអាចទទួលស្គាល់ និងទទួលយកបានជាសាធារណៈ។

ឯកឧត្តមបានបន្តថា ចំពោះលទ្ធផលរំពឹងទុក សិក្ខាកាមអាចទទួលបាននូវចំណេះដឹង *យល់ច្បាស់ពីដំណឹងទាន់ហេតុការណ៍ប្រកបដោយវិជ្ជាជីវៈ និងដំណឹងប្រូតូកូល (Protocole News)។ *យល់ដឹងពីភាពពេញលេញនៃដំណឹងទាន់ហេតុការណ៍ តាមក្បួនខ្នាតត្រឹមត្រូវ ដោយមានខ្លឹមសារគ្រប់គ្រាន់ ជាពិសេសការចាប់មុម និងការឆ្លើយតបសំណួរ 5W + H សម្រាប់ សារព័ត៌មានទាំងបោះពុម្ព (កាសែត, ទស្សនាវដ្តី, វិទ្យុ និងទូរទស្សន៍) ព្រមទាំង ប្រព័ន្ធផ្សព្វ ផ្សាយអនឡាញ។ *យល់ដឹងពីការប្រមូលព័ត៌មាន, វិធីសាស្ត្រសម្ភាស, ប្រភពព័ត៌មាន, ការកសាងប្រភពព័ត៌មាន, ការគោរពសិទ្ធិ, និងការការពារប្រភពព័ត៌មាន។ *យល់ដឹងពីភាពខុសគ្នារវាងការពិពណ៌នា និងការបញ្ចេញទស្សនៈនៅក្នុងអត្ថបទដំណឹង។ *យល់ដឹងពីភាពខុសគ្នារវាងសំណេរវិជ្ជាជីវៈ និងសំណេរអក្សសិល្ប៍។ *យល់ដឹងពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ស្របតាមច្បាប់ និងក្រមសីលធម៌សារ ព័ត៌មាន។ *យល់ដឹងពីការផ្ទៀងផ្ទាត់មុនចេញផ្សាយ ដូចជា (អក្ខរាវិរុទ្ធ, ការប្រើប្រាស់ពាក្យ, ភាសា និង ប្រយោគ ព្រមទាំងរូបភាពពាក់ព័ន្ធនឹងប្រធានបទ)។ និង*យល់ដឹងជារួម ពីកំហុសឆ្គងក្នុងការលួចស្នាដៃអ្នកដទៃ ដែលពាក់ព័ន្ធទាំងផ្លូវច្បាប់ និងក្រមសីលធម៌សារព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង