អភិបាលខេត្តកណ្តាលអំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមមូលដ្ឋានរបស់ខ្លួន

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាលចេញសេចក្តីជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យោងតាមផែនការណែនាំលេខ ០២/២០២៣ គជបអ ចុះថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង ដើម្បីញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ដែលនឹងប្រារព្ធ ធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ផ្តល់ភាពសប្បាយរីករាយ និងដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀប រៀបរយសង្គម ជាពិសេស រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិប្រកបដោយភាពរុងរឿង។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

ក្នុងសេចក្តីជូនដំណឹងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី សិស្សានុសិស្ស និស្សិត និង កម្មករ កម្មការិនី អង្គភាពរដ្ឋ-ឯកជន ទាំងអស់ ដូចខាងក្រោម៖
*១-ចូលរួមក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមមូលដ្ឋានរបស់ខ្លួន និងមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន-ធូប ការប្រើប្រាស់ភ្លើង ចង្កៀង ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យ ណាមួយកើតឡើងជាយថាហេតុ។

*២-រដ្ឋបាលក្រុង-ស្រុក សហការជាមួយមន្ទីរធម្មការ និងគណៈកម្មការអាចារ្យវត្ត ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានបំពេញកុសលតាមសទ្ធាជ្រះថ្លា និងរៀបចំពិធីតាម ទំនៀមទម្លាប់ប្រពៃណី និងសាសនារបស់ជាតិ និងធ្វើការបំផុសឱ្យមានការតុបតែងលម្អភ្លើងពណ៌ឱ្យ បានល្អ តាមដើមឈើ និងមុខផ្ទះ តាមអង្គភាព ស្ថាប័នរដ្ឋ និងឯកជន។

*៣-អាជ្ញាធរមូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ បានចូលរួមលេងល្បែងប្រជាប្រិយ ឱ្យបានច្រើន កុះករ តាមទំនៀមទម្លាប់របស់ដូនតា ដូចជា លេងចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង ដណ្ដើមស្លឹកឈើ រាំកម្សាន្តសប្បាយជាអាទិ៍ នៅតាមទីវត្តអារាម រមណីយដ្ឋាន និង តាមទីសាធារណៈនានា។

*៤-ចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការលេងកាំភ្លើងបាញ់ទឹក ការជះទឹកមានពណ៌ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ និងទះគក់ដោយដៃ ឬការវាយដោយអំណត់ ការលេងអុក ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរគ្រប់ប្រភេទ។

*៥-ហាមឃាត់ការជិះម៉ូតូបង្ហោះ ប្រដេញគ្នាលេងនៅតាមផ្លូវ និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយ ត្រូវពាក់មួកសុវត្ថិភាព និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

*៦-រាល់ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្រូវអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ ដើម្បីជៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺរាតត្បាតនានា។

ឯកឧត្ដមអភិបាលខេត្តកណ្តាលបានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអនុវត្ត ផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិអំពើមិនគួរគប្បី ដែលបង្កឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្ដីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ឯកឧត្តម គង់ សោភ័ណ្ឌ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ យុវជន យុវនារី សិស្សានុសិស្ស និស្សិត និងកម្មករ កម្មការិនី អង្គភាពរដ្ឋ-ឯកជន ចូលរួមអនុវត្តតាមការណែនាំខាងលើឱ្យបានល្អ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល៖

អត្ថបទដែលជាប់ទាក់ទង