កម្លាំងPMខេត្តស្វាយរៀងបង្ក្រាបបានករណីជំរិតទាប្រាក់ និងសម្លាប់ រួចយកសាកសពទៅទម្លាក់ នៅចំណុចទន្លេវ៉ៃគោហើយ

ស្វាយរៀង៖ កាលពីវេលាម៉ោងប្រមាណ៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានករណីប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង ដេកផ្កាប់មុខនៅជិតម៉ូតូម៉ាកឃ្លីក ពណ៌សលាយក្រហម នៅចំណុចខាងកើតស្ពានហាយវ៉េ ជាប់ច្រាំងទន្លេវ៉ៃគោ ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅពិនិត្យនៅទីតាំងជាក់ស្តែង និងធ្វើកោសល្យវិច័យលើសាកសព នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ និងលោកវេជ្ជបណ្ឌិត សមាជិកគណកម្មាការកោសល្យវិច័យ នៃមន្ទីរពេទ្យខេត្តស្វាយរៀង ដោយបានសន្និដ្ឋានថា សាកសពឈ្មោះ ហាក់ ស៊ីវ ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៨ ស្លាប់ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (អាចជាការគ្រោះថ្នាក់ចរាចរណ៍) និងបានប្រគល់សាកសពឱ្យលោក ហាក់ យី មានទីលំនៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ត្រូវជាឪពុករបស់សពទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយពេលក្រុមគ្រួសារទទួលសាកសពយកមកដល់ទីលំនៅនឹងធ្វើការសម្អាតសាកសពឃើញមានករដៃមានស្នាមជាំដុំៗ និងស្នាមជាំដូចការចងកដៃកជើង និងមានស្នាមជាំនៅលើបំពង់ក ឃើញដូចនេះក្រុមគ្រួសារសព មានការសង្ស័យថា ការស្លាប់របស់ឈ្មោះ ហាក់ ស៊ីវ ជាករណីឃាតកម្មសម្លាប់យកទៅផ្លុងចោល។ ក្រោយពេលធ្វើបុណ្យសពតាមប្រពៃណីចប់សព្វគ្រប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឪពុកជនរងគ្រោះបានដាក់ពាក្យ បណ្តឹងទៅកងរាជអាវុធហត្ថខេត្តព្រៃវែង ជួយស្រាវជ្រាវរកការពិតជូនកូនរបស់គាត់។

ក្រោយទទួលពាក្យបណ្តឹងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ដោយមានការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ផែននគរបាលយុត្តិធម៌ ចុះសហការជាមួយជំនាញអាវុធហត្ថខេត្តព្រៃវែង ខេត្តស្វាយរៀង ស្រាវជ្រាវរកការពិត និងបង្ក្រាបករណីនេះឲ្យខានតែបាន។

ក្រោយពីទទួលបានបទបញ្ជា, លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំជំនាញ ចុះសហការជាមួយជំនាញអាវុធហត្ថខេត្តព្រៃវែង ខេត្តស្វាយរៀង ហើយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការខេត្តព្រៃវែង ចុះធ្វើការស្រាវជ្រាវឈានដល់កំណត់អត្តសញ្ញាណ បទល្មើសថា ជាករណីផ្លុងសាកសព មិនមែនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ គឺជាករណីឃាតកម្ម និងបានកំណត់មុខសញ្ញាជនប្រព្រឹត្តបទល្មើស។ លុះដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេសខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចនគរបាលស្រុកប៊ិនចូវ និងជំនាញព្រហ្មទណ្ឌខេត្តតៃនិញ ប្រទេសវៀតណាម។ ក្រោយពេលទទួលបានព័ត៌មានពីជំនាញកងរាជអាវុធហត្ថ, សមត្ថកិច្ចនគរបាលខេត្តតៃនិញ បានស្រាវជ្រាវតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជន ប៉ុន្តែដោយក្រុមឧក្រិដ្ឋជនបានដឹងពីការតាមចាប់ខ្លួន ក៏រត់គេចចេញពីលំនៅដ្ឋានទៅសំងំលាក់ខ្លួននៅខេត្តអាងយ៉ាង ជាប់ព្រំប្រទល់ស្រុកលើកដែក ខេត្តកណ្តាល។

ក្រុមឧក្រិដ្ឋជនចំនួន៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ ង្វៀង វ៉ាងថាំង ហៅជែ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ខេត្តតៃនិញ ប្រទេសវៀតណាម។
ទី២៖ ឈ្មោះ ដាវ ជុងវ៉ាំង ហៅប៊ែ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ខេត្តតៃនិញ ប្រទេសវៀតណាម។
ទី៣៖ ឈ្មោះ ដូ វ៉ាង ម៉ឹន ហៅម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ខេត្តហូវយ៉ាង ប្រទេសវៀតណាម។ ពួកគេបានគេចខ្លួនពីប្រទេសវៀតណាម ចូលតាមច្រកមាត់ជ្រូកស្រុកលើកដែក ខេត្តកណ្តាល មកសំងំលាក់ខ្លួននៅទីតាំងចិញ្ចឹមត្រីជនជាតិវៀតណាមស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល ដើម្បីត្រៀមរត់ទៅប្រទេសឡាវជាបន្តទៀត។ ក្រោយពីទទួលព័ត៌មានពីភ្នាក់ងារថាក្រុមឧក្រិដ្ឋជនមកលាក់ខ្លួននៅទីតាំងខាងលើ, នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំកម្លាំងជំនាញពន្លាតដែនសមត្ថកិច្ច សហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ចុះឃាត់ខ្លួនក្រុមឧក្រិដ្ឋជនខាងលើយកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង។

នៅពេលធ្វើការសាកសួរឧក្រិដ្ឋជនឈ្មោះ ង្វៀង វ៉ាងថាំង (ហៅជែ) បានសារភាពថា ខ្លួនស្គាល់ឈ្មោះ តង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម (មេក្លោង) នៅមន្ទីរឃុំឃាំង ខេត្តតៃនិញ នៅកំឡុងខែមករា ឆ្នាំ២០២៤ ឈ្មោះ តង បានបបួលខ្លួនមកបើកអាជីវកម្មខារ៉ាអូខេនៅអ្នកលឿង ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយឈ្មោះ តង បានឲ្យខ្លួនជាអ្នកធ្វើកិច្ចសន្យាជួលទីតាំងខារ៉ាអូខេ (៣៣៣) ជាមួយម្ចាស់ទីតាំងជំនួសគាត់ ក្នុងតម្លៃ២០០០ដុល្លារក្នុងមួយខែ និងឲ្យខ្លួនធ្វើកិច្ចសន្យាជួលរថយន្តម៉ាកព្រួសជាមួយម្ចាស់រថយន្ត ក្នុងតម្លៃ៤០០ដុល្លារ ក្នុងមួយខែ ឈ្មោះ តង បានសន្យាថានៅពេលបានប្រាក់ចំណេញគិតជាភាគរយឲ្យ។ ឈ្មោះ ដាវ ជុងវ៉ាំង (ហៅប៊ែ) បានសារភាពថា ខ្លួនស្គាល់ឈ្មោះ តង នៅពេលធ្វើការហ្គេមអនឡាញនៅបាវិតកំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។ នៅកំឡុងខែមករា ឆ្នាំ២០២៤ ឈ្មោះ តង បានហៅខ្លួនមកធ្វើការនៅខារ៉ាអូខេ «៣៣៣» ដោយផ្តល់ប្រាក់១៥០ដុល្លារក្នុងមួយខែ និងឈ្មោះ ដូ វ៉ាងម៉ឹន ហៅម៉ាប់ បានឆ្លើយសារភាពថា ខ្លួនស្គាល់ឈ្មោះ តង តាមរយៈឈ្មោះ ប៊ែ ប្រហែលបានមួយខែ ហើយឈ្មោះ តង បានហៅខ្លួនមកធ្វើការនៅខារ៉ាអូខេ «៣៣៣» ដោយឲ្យប្រាក់ឈ្នួលក្នុងមួយខែ១០០ដុល្លារ។

គួរបញ្ជាក់ថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ម៉ោងប្រហែល១៦៖០០នាទី ឈ្មោះ តង បានហៅឈ្មោះ ជែ ឲ្យទៅជួប និងបានប្រាប់ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅពេលឈ្មោះ ហាក់ ស៊ីវ មកដល់ហាង ពួកយើងចាប់បង្ខាំងក្នុងបន្ទប់ដាក់សម្ភារដើម្បីជំរិតទារប្រាក់ និងប្រាប់ឈ្មោះ ជែ ត្រូវទៅដកលុយនៅកាស៊ីណូ (នៅឯបាវិត) ក្រោយពេលជនរងគ្រោះវេរលុយឲ្យ និងបានហៅឈ្មោះ ប៊ែ និងឈ្មោះ ម៉ាប់ ទៅជួបនៅកញ្ចុះខាងក្រោយ ហាង ដើម្បីរៀបចំផែនការចាប់បង្ខាំងជំរិតទារប្រាក់ជនរងគ្រោះ ក្រោយពេលការងារបានសម្រេច ឈ្មោះ តង សន្យាឲ្យប្រាក់អ្នកទាំង៣នាក់ ក្នុងម្នាក់ៗ ២០០លានដុង។
ប្រហែលម៉ោងជាង៨ព្រឹកថ្ងៃទី១៧ ខែ ឆ្នាំដដែលជនរងគ្រោះឈ្មោះ ស៊ីវ បានជិះម៉ូតូម៉ាកឃ្លីកពណ៌ស លាយក្រហម មកដល់ពេលនោះ ឈ្មោះ តង បានហៅជនរងគ្រោះចូលក្នុងបន្ទប់ដាក់សម្ភារ។ បន្ទាប់មកឈ្មោះ ប៊ែ និងឈ្មោះ ម៉ាប់ ដើរចូលតាមក្រោយ ខណៈនោះឈ្មោះ តង បានបិទទ្វារឃ្លាំងរួចដកកាំភ្លើងភ្ជុងក្បាលជនរងគ្រោះគម្រាមឲ្យក្រាបចុះ ចំណែកឈ្មោះ ម៉ាប់ បានយកដំបងឆក់ មកឆក់ជនរងគ្រោះ និងយកខ្សែជ័រពណ៌ស រឹតដៃជើង និងយកស្តុតពណ៌សបិតមាត់ ចំណែកឈ្មោះ ប៊ែ ចាប់សង្កត់ជើងហើយឱ្យជនរងគ្រោះអង្គុយផ្អែកជញ្ជាំង។ បន្ទាប់មកឈ្មោះ តង បញ្ជាឲ្យឈ្មោះ ម៉ាប់ រុញម៉ូតូជនរងគ្រោះចូលក្នុងបន្ទប់ និងឲ្យឈ្មោះ ម៉ាប់ អង្គុយមុខបន្ទប់ដើម្បីមើលសភាពការខាងក្រៅ ហើយឈ្មោះ តង បានគម្រាមជនរងគ្រោះវេរប្រាក់តាម QR code ប្រហែល ២ ទៅ ៣ដង ក្រោយពីវេររួច ឈ្មោះ តង បានបញ្ជាឲ្យឈ្មោះ ម៉ាប់ ចូលទៅក្នុងបន្ទប់ យាមជនរងគ្រោះ។
នៅព្រឹកទី១៨ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ ជែ បានបានបើកឡានព្រួសស្លាកលេខភ្នំពេញ 2BW-1066 ពីអ្នកលឿង ឆ្ពោះទៅបាវិត នៅម៉ោង១២ ជាងឈ្មោះ តង បានបាញ់ QR code ហើយប្រាប់ខ្លួនតាមតេឡេក្រាម ឱ្យទៅដកលុយនៅកាស៊ីណូ កាយម៉េ ចំនួន ១,១២៦,៩៥៩,៩៩០ដុង។ ពេលដកលុយរួច ឈ្មោះ ជែ បានត្រឡប់មកខារ៉ាអូខេ «៣៣៣» វិញហើយយកលុយនោះប្រគល់ឱ្យឈ្មោះ តង ទាំងអស់។ បន្ទាប់មកនៅម៉ោង ២០ និង ០០នាទី ឈ្មោះតង បានឱ្យឈ្មោះ ប៊ែ បិទហាងខារ៉ាអូខេ «៣៣៣» នាំបុគ្គលិកប្រុសស្រី ប្រហែល១០នាក់ ទៅផឹកស៊ីនៅហាងរាជសីតាមបណ្តោយផ្លូវជាតិលេខ១។
ហើយនៅម៉ោង២០ជាង ឈ្មោះ តង ចូលមកបន្ទប់ដាក់ជនរងគ្រោះ ហើយបានហុចដបទឹកបរិសុទ្ធ ដែលមានទឹកពណ៌លឿងប្រហែលកន្លះដបទៅឲ្យជនរងគ្រោះផឹក ពេលនោះជនរងគ្រោះមិនព្រមផឹក ឈ្មោះ តង បានដកកាំភ្លើងភ្ជុងគម្រាមជនរងគ្រោះ ទើបជនរងគ្រោះព្រមផឹកទឹកនោះ។ ក្រោយពីជនរងគ្រោះផឹកទឹកនោះរួច ជនរងគ្រោះលែងរើរបម្រាស់ ហើយឈ្មោះ ម៉ាប់ សន្និដ្ឋានថាជនរងគ្រោះប្រហែលជាស្លាប់ បន្ទាប់មកឈ្មោះ ម៉ាប់ បានកាត់ខ្សែជ័ររិតដៃ និងបកស្តុតរុំមាត់ពីជនរងគ្រោះ។
នៅម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ តង បានប្រាប់ថាឈ្មោះ ស៊ីវ ស្លាប់ហើយ និងប្រាប់ឱ្យឈ្មោះ ជែ ជាមួយឈ្មោះ ប៊ែ និងឈ្មោះ ម៉ាប់ ដឹកសពជនរងគ្រោះយកទៅទម្លាក់ចោល នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង។

ក្រោយមកពួកគេទាំង៣នាក់ បានលើកសាកសពដាក់ចូលក្នុងរថយន្ត ហើយឈ្មោះ ប៊ែ ចូលអង្គុយក្នុងរថយន្តលើកក្បាលសពជនរងគ្រោះ ដាក់លើភ្លៅការពារនៅពេលដែលសមត្ថកិច្ចហៅរថយន្តតាមផ្លូវ ឈប់ត្រួតពិនិត្យប្រាប់ថាមិត្តភក្តិឈឺដឹកទៅពេទ្យ ហើយជែជាអ្នកបើករថយន្ត។ ចំណែកឈ្មោះ ម៉ាប់ បើកម៉ូតូជនរងគ្រោះតាមពីក្រោយ ពេលដល់ទន្លេវ៉ៃគោ ឈ្មោះ ម៉ាប់ យកម៉ូតូផ្តួលហើយមកជួយលើកសាកសពចេញ ពីក្នុងរថយន្តយកទៅទម្លាក់ជិតម៉ូតូ រួចក៏ត្រឡប់មកដល់ខារ៉ាអូខេ «៣៣៣» វិញឈ្មោះ ម៉ាប់ បានចូលដេក ចំណែកឈ្មោះជែ និង ឈ្មោះប៊ែ ត្រឡប់ទៅហាងរាជសី ហើយប្រាប់ឈ្មោះ តង ថាការងារធ្វើរួចរាល់ហើយ និងនៅម៉ោង ៦ព្រឹកទើបនាំគ្នាមកខារ៉ាអូខេ «៣៣៣» វិញុំ។

បន្ទាប់មកឈ្មោះជែបានបើករថយន្តយកទៅប្រគល់ឱ្យម្ចាស់រថយន្តវិញ ហើយខ្លួនចេញទៅវៀតណាមតែម្តង ចំណែកឈ្មោះ ម៉ាប់ បានដឹកប៊ែទៅបេនឡានហើយចេញទៅវៀតណាម នៅម៉ោង៩ព្រឹក ហើយនៅវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែឧសភា ឈ្មោះ ម៉ាប់ និងឈ្មោះតង បានចេញទៅវៀតណាមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង