ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កុមារ ទេព សុំការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន និងសន្យាឈប់ធ្វើបែបនេះទៀត

ភ្នំពេញ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កុមារ ទេព ដែលតែងតែប្រើប្រាស់រូបថតសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារសម្តេចបង្កើតឱ្យមានការយល់ច្រឡំថាជាហ្វេសប៊ុករបស់សម្តេចតេជោនោះ, នៅពេលនេះបានចេញមកសុំការអភ័យទោស ពីសម្ដេចតេជោ ហ៊ុន សែន និងសន្យាឈប់ធ្វើបែបនេះទៀតហើយ។

ការចេញមកសុំការអភ័យទោសនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានចេញមកបញ្ជាក់ថា ហ្វេសប៊ុកឈ្មោះ កុមារ ទេព មិនមែនជារបស់ សម្ដេចឡើយ និងបានឱ្យហ្វេសប៊ុក កុមារ ទេព នេះបញ្ឈប់ការតាំងខ្លួនជាសម្តេច បង្ហោះសកម្មភាពសម្តេច និងគ្រួសារសម្តេចតទៅទៀត។

ម្ចាស់គណនីខាងលើ បានបង្ហោះខ្លឹមសារសុំការអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំបាទជាម្ចាស់គណនី សូមគោរពសុំការអភ័យទោសពីសម្ដេចតេជោពុក ដែលខ្ញុំបាទតែងតែបានប្រើប្រាស់រូបភាព របស់សម្ដេចតេជោពុក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី របស់សម្ដេចមកផុស ដោយហេតុជាការគោរព ស្រលាញ់ក្រុមគ្រួសារសម្ដេចពុក ដែលជាស្ថាបនិកនៃសុខសន្តិភាព ជាភាពកក់ក្ដៅនៃបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព ខ្ញុំបាទមិនមានបំណង ឬចេតនាមិនល្អអ្វីដោយប្រការណាមួយឡើយ។
ខ្ញុំសូមសន្យាថានិងមិនប្រើប្រាស់រូបថត សម្ដេចពុក សម្ដេចម៉ែ និងបុត្រាបុត្រីរបស់សម្ដេចមកបង្ហោះ លើអាខោនហ្វេសបុកនេះតទៅទៀតឡើយ។
សូមសម្ដេចពុក សម្ដេចម៉ែ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ៕

អត្ថបទដែលជាប់ទាក់ទង