អភិបាលខេត្តកណ្ដាលណែនាំក្រុមប្រឹក្សាក្រុងតាខ្មៅត្រូវបន្តផ្តល់សេវាសាធារណៈនិងបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាព ឱ្យបានកាន់តែរហ័ស ងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប

 


កណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ បានណែនាំក្រុមប្រឹក្សាក្រុងតាខ្មៅត្រូវបន្តផ្តល់សេវាសាធារណៈ ដែលជាកិច្ចការអាទិភាពចម្បង ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលត្រូវបន្តលើកកម្ពស់ ទាំងគុណភាព និងប្រសិទ្ធភាព ឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធី ជាធរមាន ក្នុងការយកចិត្តទុកដាក់ពិនិត្យនូវរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ឱ្យបានរហ័ស ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងយុត្តិធម៌។

ការណែនាំរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងតាខ្មៅ អាណត្តិទី៤។

ឯកឧត្ដមបានស្នើដល់ក្រុមប្រឹក្សាក្រុងតាខ្មៅ អាណត្តិទី ៤ ត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ និង កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ដោយឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងគោលបំណង និងគោលដៅអាទិភាពនៃ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយបានកំណត់យក អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបន្តថា ទោះបីជាលោក លោកស្រី ជាសមាជិក មកពីគណបក្សនយោបាយផ្សេងគ្នាក្តី ក្រុមប្រឹក្សាក្រុងដែលជាប់ឆ្នោត គឺជាតំណាងរបស់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅទាំងមូល ដូចនេះក្នុងការអនុវត្តការងាររបស់លោក លោកស្រី ជាសមាជិកប្រឹក្សាក្រុង ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ដោយមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។

ឯកឧត្ដមអភិបាលខេត្តបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាក្រុង អាណត្តិទី ៣ គណៈអភិបាលក្រុង ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង