នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អះអាងថា គ្រឿងញៀនជាង៤តោន ដែលត្រូវដុតបំផ្លាញចោលនេះ មានតម្លៃជួញដូរជាង២២លានដុល្លារ និងតម្លៃចែកចាយប្រមាណជាង៦៦លានដុល្លារ ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ជាង១ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អះអាងថា គ្រឿងញៀនជាង៤តោន ដែលត្រូវដុតបំផ្លាញចោលនេះ មានតម្លៃជួញដូរជាង២២លានដុល្លារ និងតម្លៃចែកចាយប្រមាណជាង៦៦លានដុល្លារ ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ជាង១ម៉ឺននាក់ ក្នុងនោះជនបរទេសភាគច្រើនគឺជាជនជាតិវៀតណាមនិងជនជាតិចិន។

ការអះអាងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឡើងនៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ចំនួនសរុប ៧,៣៥តោន នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីដុតបំផ្លាញនេះ ក៏មានការចូលរួមពីឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះ មានចំនួន៥៤សំណុំរឿង ក្នុងនោះមានទៀតសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។

គ្រឿងញៀនដែលរៀបចំដុតបំផ្លាញនៅពេលនេះ សរុបចំនួន៤តោន ១០០គីឡូក្រាម១០៨,៧៦ក្រាម និងវគ្គក្រោយទៀត គឺការបំផ្លាញដោយវិធីសាស្ត្រ បន្សាបនូវសារធាតុគីមីផ្សំ ចំនួន៣តោន ២៥៤គីឡូក្រាម ដែលជាអាស៊ីតមិន អាចធ្វើការបំផ្លាញដោយវិធីដុតបាន ដោយត្រូវរង់ចាំការបន្សាប៕

អត្ថបទដែលជាប់ទាក់ទង