សម្ដេចតេជោ ហ៊ុន សែន តែងស្រក់ទឹកភ្នែកចុះមកជាប់មិនដាច់ រាល់ពេលសម្ដេចនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧

ភ្នំពេញ៖ «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ពិតជាខ្លោចផ្សានិងឈឺចាប់រកពាក្យនិយាយមិនបាន»។ នេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រនៃកម្ពុជានៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចតេជោបន្ថែមថា «ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ»។

សម្ដេចបានលើកឡើងដូច្នេះទៀតថា យកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍន៍រយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។

សម្ដេច ហ៊ុន សែន បានផ្ដាំផ្ញើថា ចូរចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង