ឯកឧត្តម នេត្រ ភក្ត្រា៖ «ខ្ញុំមិនចង់ឃើញបងប្អូនផ្សាយព័ត៌មានមិនពិត ហើយក៏មិនចង់ប្រើចុងប៊ិចរបស់ខ្ញុំ ដើម្បីលុបអាជ្ញាប័ណ្ណនោះទេ»

ព្រៃវែង៖ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា «ខ្ញុំមិនចង់ឃើញបងប្អូនផ្សាយព័ត៌មានមិនពិត ហើយក៏មិនចង់ប្រើចុងប៊ិចរបស់ខ្ញុំ ដើម្បីលុបអាជ្ញាប័ណ្ណនោះទេ»។

ការសង្កត់ធ្ងន់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងអ្នកសារព័ត៌មាន ដើម្បីពង្រឹងវិស័យព័ត៌មាននិងសោតទស្សន៍។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលដែលមានក្រសួងព័ត៌មានជាសេនាធិការគឺបានយកចិត្តទុកដាក់ ចំពោះការផ្សព្វផ្សាយព័ត៌មាន ជាពិសេសគឺការពង្រឹងកិច្ចការងារតួនាទីរបស់មន្ទីរព័ត៌មាន រាជធានី-ខេត្ត។

ឯកឧត្តមបានណែនាំដល់អ្នកសារព័ត៌មានឱ្យស្គាល់អំពីរូបមន្ត5W 1Hដែលជាមូលដ្ឋានក្នុងការចាប់សរសេរព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ។ ឯកឧត្ដមបានក៏ជម្រុញឲ្យអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌និងវិជ្ជាជីវៈ កុំដើរទៅគាប់សង្កត់ គំរាមកំហែងយកប្រាក់ពីគេ កុំយកព័ត៌មានមិនពិតមកគាប់សង្កត់ដើម្បីយកលុយពីគេ កុំដើរតួជានគរបាលយុត្តិធម៌ និងកុំដើរតួជាតុលាការកាត់សេចក្ដី។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីការពារខ្លួន ក្នុងនាមអ្នកសារព័ត៌មានត្រូវរកប្រភពឱ្យបានច្បាស់លាស់ មុនពេលចុះផ្សាយ មិនត្រូវចុះផ្សាយព័ត៌មានដោយគ្មានប្រភពនិងប្រថុយប្រថាននោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង