លោក ចាន់ តារា៖ លោក និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងក្រុងអរិយក្សត្រ សូមគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដែលនឹងបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ

កណ្ដាល៖ លោក ចាន់ តារា បានប្រកាសថា លោក និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងក្រុងអរិយក្សត្រ សូមគាំទ្រ និងសម្តែងនូវការអបអរសាទរយ៉ាងរីករាយក្រៃលែងបំផុតចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលនឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញាណឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនឹងផ្តល់ជាំប្រយោជន៍ដ៏មហាសាល ផ្នែកសេដ្ឋកិច្ច និងឯករាជ្យផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា ដោយគម្រោងព្រែកជីកនេះ នឹងជួយផ្តល់ឧត្តមភាពនៃការប្រកួត ប្រជែងទីផ្សារផលិតផលផលិតនៅកម្ពុជា។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមគាំទ្រលើក ទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យគម្រោងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យជាសមិទ្ធផល ប្រវត្តិសាស្ត្ររបស់ជាតិ តាមការគ្រោងទុក។ យើងខ្ញុំ សូមប្តេជ្ញាគាំទ្រ និង សូមអបអរសាទរ។

នេះជាការប្រកាសរបស់លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំសាលាក្រុងអរិយក្សត្រ ស្ថិតក្នុងភូមិទួលមាស សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

លោក ចាន់ តារា បានបន្តថា ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាលកាលទី៤ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាលកាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល មានសុខសន្តិភាព ស្ថេរភាព នយោបាយ រក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

លោកបានបន្តទៀតថា ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ២៧២អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ និងបានប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុង នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមអភិបាលខេត្តកណ្តាល។ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល,ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងអរិយក្សត្រ និងមានការ ដឹកនាំចង្អុលបង្ហាញ និងការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តមអភិបាលខេត្តកណ្តាល តាមរយៈលោក ប៊ុន ផេង អភិបាលរងខេត្ត ទទួលបន្ទុកក្រុងអរិយក្សត្រ ព្រមទាំងមានការខិតខំប្រឹងប្រែងអនុវត្តរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយកងកម្លាំងទាំងបី និងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានធ្វើឱ្យក្រុងអរិយក្សត្រ មានការអភិវឌ្ឍរីកចម្រើន លើគ្រប់គ្រប់វិស័យ ប្រជាពលរដ្ឋគ្រប់រូបរស់នៅបានសុខសាន្ត ព្រមទាំងប្រកបរបរចិញ្ចឹមជីវិត ប្រកបដោយភាពកក់ក្តៅ។

លោកអភិបាលក្រុងបានលើកឡើងពីសមិទ្ធផលការងារសំខាន់ៗមួយចំនួន ដែលរដ្ឋបាលក្រុងអរិយក្សត្រសម្រេចបាន ដូចខាងក្រោម៖ ១៖ អំពីស្ថានភាពភូមិសាស្ត្រ និងប្រជាសាស្ត្រ ក្រុងអរិយក្សត្រ មានទីតាំងស្ថិតនៅប៉ែកខាងកើត នៃរាជធានីភ្នំពេញ ដោយលាតសន្ធឹងតាមបណ្តោយដងទន្លេមេគង្គលើ, ទន្លេមេគង្គក្រោម និងទន្លេតូច មានព្រំប្រទល់៖ ខាងកើតជាប់នឹង ស្រុកពារាំង ខេត្តព្រៃវែង ខណ្ឌដោយទន្លេតូចខាងលិចជាប់នឹង រាជធានីភ្នំពេញ ខណ្ឌដោយទន្លេចតុមុខ ខាងជើងជាប់នឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលខាងត្បូងជាប់នឹង ស្រុកល្វាឯម ខេត្តកណ្តាល។ ក្រុងអរិយក្សត្រ ចែកចេញជា ១១សង្កាត់ មាន ៤២ភូមិ មានផ្ទៃដីសរុប ១៩៩,៣១គីឡូម៉ែត្រការ៉េ មាន ប្រជាជនសរុបចំនួន ៨៦ ៥៣៤នាក់ ស្រី ៤៤ ២១៧នាក់ ចំនួនគ្រួសារ ១៩ ៦៧៤គ្រួសារ មានដង់ស៊ីតេប្រជាជន ៤៥២នាក់/គីឡូម៉ែត្រការ៉េ។ ប្រជាពលរដ្ឋប្រកបរបរកសិកម្មមាន ៣២%, សិប្បកម្ម ១៤%, សេវាកម្ម ៣០% និង ពាណិជ្ជកម្ម ២៤% ក្រៅពីនោះ ប្រកបរបរជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ២៖ ការងារគ្រប់គ្រងមន្ត្រីក្នុងរដ្ឋបាលក្រុង ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក៖ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ រដ្ឋបាលក្រុងអរិយក្សត្រ មាន សមាជិកក្រុមប្រឹក្សាសរុបចំនួន១៩នាក់ ស្រី០៤នាក់, ការិយាល័យប្រជាពលរដ្ឋ មានប្រធាន០១នាក់ (ស្រី) និងមន្ត្រី ជំនួយការ ០១នាក់ ស្រី០។ មន្ត្រីរាជការ សរុបចំនួន ៨២នាក់ ស្រី ២២នាក់ ក្នុងនោះ គណៈអភិបាលក្រុង ចំនួន ០៧នាក់ ស្រី ០១នាក់, នាយក នាយករងរដ្ឋបាល ចំនួន ០៤នាក់ ស្រី ០១នាក់, ប្រធានការិយាល័យ/អង្គភាព ចំនួន ១០នាក់ ស្រី ០២នាក់, អនុប្រធានការិយាល័យ/អង្គភាព ចំនួន ២០នាក់ ស្រី ០២នាក់, បុគ្គលិកការិយាល័យ/អង្គភាព ចំនួន ៣០នាក់ ស្រី ១១នាក់,ស្មៀនសង្កាត់ ចំនួន ១១នាក់ ស្រី ០៥នាក់ ក្របខ័ណ្ឌ និងឋានន្តរស័ក្តិ៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ «ក» ចំនួន ៣៨នាក់ ស្រី ០៦នាក់, មន្ត្រីក្រមការ «ខ» ចំនួន ១៥នាក់ ស្រី ០៩នាក់, លេខាធិការរដ្ឋបាល «គ» ចំនួន ២៧នាក់ ស្រី ០៧នាក់។ សញ្ញាបត្រមន្ត្រី៖ថ្នាក់បណ្ឌិត ចំនួន ០១នាក់ ស្រី ០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២០នាក់ ស្រី០៣នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៧នាក់ ស្រី ១៧នាក់, សញ្ញាបត្រទុតិយភូមិ ចំនួន១០នាក់ ស្រី ០២នាក់, សញ្ញាបត្របឋមភូមិ ចំនួន ០៤នាក់ ស្រី ០នាក់។ បុគ្គលិកគ្រូបង្រៀន ដែលបានសមាហរណកម្មមកក្នុង រដ្ឋបាលក្រុង, គ្រូមត្តេយ្យសិក្សាសាធារណៈ ចំនួន ២១៩នាក់ ស្រី ១៣០នាក់, គ្រូកិច្ចសន្យា ចំនួន ១៦៦នាក់ ស្រី ១១៥នាក់។

លោកក៏បានជម្រាបជូនដោយ សង្ខេបអំពីគម្រោងសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ សាលាក្រុងអរិយក្សត្រ ដូចខាងក្រោម៖ ទីតាំងសម្រាប់សាងសង់អគារសាលាក្រុង គឺស្ថិតក្នុងភូមិទួលមាស សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ មានផ្ទៃដីសរុប ៤០ ៩១០ ម៉ែត្រការ៉េ។ រដ្ឋបាលក្រុង បានបើកផ្លូវចំនួន ០៤ខ្សែ ឆ្ពោះចូលទៅដល់ទីតាំងសម្រាប់ សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ស្របតាមប្លង់គោលនៃការចុះបញ្ជីដីមានលក្ខណៈប្រព័ន្ធ រួមមាន៖ ខ្សែទី១៖ បណ្តោយ ៦៥០ម៉ែត្រ ទទឹង ២០ម៉ែត្រ ចាប់ពីចំណុចកែងផ្លូវ ៧០បេ ដល់រង្វង់មូល។ ខ្សែទី២ ៖ បណ្តោយ ៩០០ម៉ែត្រ ទទឹង ១៥ម៉ែត្រ ចាប់ពីចំណុចរបងសាលាបឋមសិក្សាពេជ្រម្កុដដល់ផ្លូវ ៧០បេ។ ខ្សែទី៣៖ បណ្តោយ ២ ៨៥០ម៉ែត្រ ទទឹង ១៥ម៉ែត្រ ចាប់ពីចំណុចកែផ្លូវ៧០បេ ដល់ផ្លូវបេតុងចូលបុរី វីឡាទួលសង្កែ។ ខ្សែទី៤៖ បណ្តោយ ៥០០ម៉ែត្រ ទទឹង ១៥ម៉ែត្រ ចាប់ពីចំណុចផ្លូវកែង ១៥ម៉ែត្រ ដល់ផ្លូវប្រសព្វ ១៥ម៉ែត្រទៅបុរី វីឡាទួលសង្កែ។ អគារសាលាក្រុងអរិយក្សត្រ ដែលត្រូវប្រារពពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាពេលនេះ មាន ចំនួន ០៣អគារ រយៈពេលសាងសង់ ចំនួន ០៦ខែ បន្ទាប់ពីបុកគ្រឹះរួច (មិនគិតរយៈពេលចាក់បំពេញខ្សាច់) រួមមាន៖ ១៖ អគាររដ្ឋបាល៖ មានកម្ពស់ ២ជាន់ ដំបូលប្រក់ក្បឿង បណ្តោយ = 28.20m, ទទឹង = 13.20m កម្ពស់ = 14.10m, និងមានក្រឡាផ្ទៃសរុប= 607m2 ។ ២៖ អគារការិយាល័យច្រកចេញចូលតែមួយ ៖ មានកម្ពស់ ១ជាន់ ដំបូលប្រក់ក្បឿង, បណ្តោយ= 20.20m ទទឹង = 15.10m, កម្ពស់ = 6.0m, ក្រឡាផ្ទៃសរុប= 235m2 ។ ៣៖ អគារសាលប្រជុំ៖ មានកម្ពស់ ១ជាន់ ដំបូលប្រក់ក្បឿង, បណ្តោយ= 20.50m, ទទឹង = 19.45m កម្ពស់ = 11.52m, ក្រឡាផ្ទៃសរុប= 339m2, ផ្ទុកមនុស្សប្រជុំបានចំនួន ២០០នាក់៕

អត្ថបទដែលជាប់ទាក់ទង