ក្រសួងមហាផ្ទៃណែនាំដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះកម្ចីអនឡាញខុសច្បាប់
ភ្នំពេញ៖ អគ្គនាយកដ្ឋាន បច្ចេកវិទ្យា ឌីជីថល និង ផ្សព្វផ្សាយ អប់រំនៃក្រសួងមហាផ្ទៃបានណែនាំដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះកម្ចីអនឡាញខុសច្បាប់ និងមានលក្ខណៈជាប្រព័ន្ធ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេបុក អគ្គនាយកដ្ឋាន បច្ចេកវិទ្យា ឌីជីថល និង ផ្សព្វផ្សាយ អប់រំ នាថ្ងៃទី២៣ ខែមិថុនានេះ បានឱ្យដឹងថា ការផ្តល់កម្ចីអនឡាញខុសច្បាប់ (Loan Shark) សំដៅលើការផ្តល់ប្រាក់កម្ចីតាមអនឡាញ ដោយឧក្រិដ្ឋជនជាក្រុមចាត់តាំង ដែលកម្ចីទាំងនោះតម្រូវឱ្យជនរងគ្រោះផ្តល់នូវព័ត៌មានដូចជា រូបភាព វីដេអូ ព័ត៌មានបុគ្គល និងកម្រៃសេវារដ្ឋបាលជាដើម។
ប្រភពដដែល បានបន្តថា ថ្មីៗនេះមន្ត្រីជំនាញនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានចាញ់ល្បិចឆបោកក្រុមជនខិលខូចមួយក្រុមបានប្រើវិធីសាស្រ្តធ្វើការផ្សព្វផ្សាយអំពីការផ្តល់កម្ចីឥណទានតាមអនឡាញ ក្រុមជនខិលខូចបានព្យាយាមបញ្ចុះបញ្ចូលជនរងគ្រោះឲ្យទទួលយកសេវាកម្មកម្ចីរបស់ខ្លួន បន្ទាប់មកលួងលោមឲ្យជនរងគ្រោះបង់ថ្លៃសេវារដ្ឋបាល បំពេញព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រក្លែងក្លាយមួយ។
ក្រោយពីជនរងគ្រោះបានបំពេញព័ត៌មានរួចរាល់ ក្រុមឧក្រិដ្ឋជនបានចោទជនរងគ្រោះធ្វើឲ្យបាត់បង់ប្រាក់ពីគណនីធនាគារក្លែងក្លាយ ព្រមទាំងគំរាមកំហែងបង្ហោះរូបភាព វីដេអូជនរងគ្រោះតាមបណ្តាញសង្គម និងបានបង្ខំឲ្យជនរងគ្រោះសងប្រាក់ត្រឡប់នោះវិញយ៉ាងច្រើន ។
គូសបញ្ជាក់ផងដែរថា កន្លងទៅមានករណីកម្ចីអនឡាញខុសច្បាប់ ដែលក្រុមជនខិលខូចបានឆបោកប្រាស់យកប្រាក់ពីជនរងគ្រោះ និងគំរាមកំហែងតាមបណ្តាញសង្គមជាច្រើនករណី ។
ក្រុមការងារបច្ចេកទេសនាយកដ្ឋាន ការពារ សុវត្ថិភាព បច្ចេកវិទ្យា ឌីជីថល នៃ អគ្គនាយកដ្ឋាន បច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយអប់រំ បានក្រើនរំលឹកសារជាថ្មីដល់ សាធារណជនបង្កើនការ ប្រុងប្រយ័ត្នចំពោះការផ្តល់សេវាឥណទាន ឬកម្ចីអនឡាញខុសច្បាប់តាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
១៖ ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុន ឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ
២៖ សិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា មុននឹងសម្រេចចិត្តទទួលប្រាក់កម្ចី
៣៖ សូមកុំថតអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយដាក់ធានាដើម្បីទទួលបានកម្ចីនានា
៤៖ រាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ប្រសិនបើអ្នក ឬសាច់ញាតិជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់៕